ខ្មែរ​ក្រោម​ស្នើ​រៀបចំ​វេទិកា​និយាយ​ពី​ខ្មែរ​ក្រោម​និង​ជន​អន្តោ​ប្រវេសន៍

3 septembre 2014

EVENT, NATIONAL

20140903_04

ភ្នំពេញៈ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ដាក់​លិខិត​ស្នើ​សុំ​រៀបចំ​វេទិកា​សាធារណៈ​ពេញ​មួយ​ថ្ងៃ នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​បើក​ឱកាស​ឲ្យ​មាន​ការ​បញ្ចេញ​មតិ ទាក់​ទង​ទៅ​នឹង​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម និង​ឲ្យ​មាន​ការ​ចោទ​សួរ​ទៅ​កាន់​វាគ្មិន​ម្នាក់ មក​ពី​ក្រសួង​មហាផ្ទៃ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​នៅ​កម្ពុជា។

សំណើ​រៀបចំ​វេទិកា​សាធារណៈ​នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​ពីរ​ផ្សេង​គ្នា ចុះ​ហត្ថលេខា​ដោយ​លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម។ ក្នុង​នោះ​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ចុះ​ថ្ងៃ ទី២ ខែ​កញ្ញា ស្នើ​សុំ​ការ​អនុញ្ញាត​ចាត់​តាំង​តំណាង​មួយ​រូប ចូល​រួម​ជា​វាគ្មិន​ក្នុង​វេទិកា​នេះ។ ចំណែក​លិខិត​មួយ​ច្បាប់​ទៀត ផ្ញើ​ជូន​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ ទី១ ខែ​កញ្ញា ស្នើ​សុំ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ និង​ការ​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ចំពោះ​ដំណើរការ​វេទិកា ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​ចាប់​ផ្តើម​ពី​ម៉ោង ៨ ព្រឹក​រហូត​ដល់​ម៉ោង ៥ ល្ងាច ដោយ​មាន​ការ​សាង​សង់​រោង​ដាក់​កៅអី​អង្គុយ​និង​អ្នក​ចូល​រួម​មាន​ប្រមាណ​ជា ២០០ នាក់។

លោក ថាច់ សេដ្ឋា បាន​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​វេទិកា​សាធារណៈ​នេះ គឺ​ដើម្បី​ផ្តល់​ជា​ឱកាស​ដល់​អ្នក​ចូល​រួម​ដែល​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​អាច​ បញ្ចេញ​មតិ​យោបល់ និង​ចែក​រំលែក​ទស្សនៈ​យល់​ឃើញ​របស់​ខ្លួន​ជុំវិញ​ប្រវត្តិ​នៃ​ទឹក​ដី​ខ្មែរ​ កម្ពុជា​ក្រោម។

លោក​បន្ត​ថា វេទិកា​នេះ​ក៏​ផ្តោត​ផង​ដែរ​លើ​ការ​រិះគន់ និង​ស្នើ​ឲ្យ​មាន​ការ​បំភ្លឺ​បន្ថែម​ពី​តំណាង​ក្រសួង​មហាផ្ទៃ ជុំវិញ​ការ​ចុះ​បញ្ជី និង​ការ​ចេញ​លិខិត​បញ្ជាក់​ជន​អន្តោ​ប្រវេសន៍ ដែល​រស់​នៅ​ស្រប​ច្បាប់​នៅ​កម្ពុជា ដែល​ក្រសួង​មហាផ្ទៃ បាន​អនុវត្ត​ចេញ​លិខិត​បញ្ជាក់​រយៈ​ពេល ២ ឆ្នាំ​ដោយ​គ្រាន់​តែ​ឲ្យ​បង់​ប្រាក់​ក្នុង​ម្នាក់ ២៥ ម៉ឺន​រៀល​នោះ។

យ៉ាង​ណា​ក៏​ដោយ លោក ថាច់ សេដ្ឋា បាន​ឲ្យ​ដឹង​ថា លិខិត​ទាំង​ពីរ​ច្បាប់​នេះ ទើប​តែ​ផ្ញើ​ចេញ​ទៅ​កាន់​សាលា​រាជធានី និង​ក្រសួង​មហាផ្ទៃ កាល​ពី​ម្សិល​មិញ ហើយ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី លោក ឡុង ឌីម៉ង់ បាន​ឲ្យ​ដឹង​ថា លោក​មិន​ទាន់​បាន​ឃើញ​លិខិត​នោះ​នៅ​ឡើយ​ទេ ហើយ​លោក​ក៏​មិន​ទាន់​អាច​សម្រេច​ភ្លាមៗ​លើ​ការ​ស្នើ​សុំ​នេះ​បាន​ដែរ ដោយ​អាស្រ័យ​ទៅ​លើ​កិច្ច​ប្រជុំ​ជា​មុន​សិន។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ក៏​បាន​ថ្លែង​ដូច​គ្នា​ដែរ​ថា លោក មិន​ទាន់​ទទួល​លិខិត​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ លោក​គាំទ្រ​ចំពោះ​ការ​រៀបចំ​វេទិកា​សាធារណៈ​នានា ក្នុង​ស្មារតី​ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ស្រប​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ។

វេទិកា​សាធារណៈ​នេះ ត្រូវ​បាន​ស្នើ​ឡើង​បន្ទាប់​ពី​កើត​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​វៀតណាម ជា​បន្ត​បន្ទាប់ ដែល​ផ្តើម​ចេញ​ពី​ការ​អធិប្បាយ​កាឡៃ​ប្រវត្តិ​សាស្ត្រ របស់​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ដែល​ថា ទឹក​ដី​កម្ពុជា​ក្រោម គឺ​ជា​ទឹក​ដី​របស់​វៀតណាម តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ខណៈ​ដែល​សៀវភៅ​ប្រវត្តិសាស្ត្រ​ជាច្រើន បាន​សរសេរ​ថា អាណា​និគម​បារាំង ទើប​តែ​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​ចំនួន ២១ ខេត្ត​ក្រុង​ទៅ​ឲ្យ វៀតណាម ត្រួត​ត្រា​កាល​ពី​ថ្ងៃ ទី៤ ខែ​មិថុនា ឆ្នាំ​១៩៤៩៕

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy