សន្តិសុខ​ខណ្ឌ​ដូនពេញ​ឆក់​ស្ត្រី​និង​ក្មេង​ស្រី​​បុរី​កីឡា ​៣​នាក់​ឲ្យ​ដួល​សន្លប់

8 septembre 2014

EVENT, NATIONAL

image

អ្នក​ភូមិ​បុរីកីឡា​ប្រមាណ ៥០​នាក់ ហែ​ក្បួន​ទៅ​កាន់​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋសភា​ជួយ​ពន្លឿន និង​អន្តរាគមន៍​ដល់​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) ឲ្យ​សាងសង់​អាគារ​ទី​៩ និង​ទី​១០ តាម​កិច្ចសន្យា។ ប៉ុន្តែ​ក្បូន​នោះ ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច ប៉េអិម និង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ ជិត ១០០​នាក់ ស្ទាក់​បិទ​ផ្លូវ​មិន​ឲ្យ​ពួកគេ​ដើរ​ឆ្លង​កាត់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ។

អ្នក​ភូមិ​បុរីកីឡា ៣​នាក់ បាន​ដួល​សន្លប់​ក្នុង​ពេល​ប៉ះទង្គិច​ជាមួយ​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា នៅ​ពេល​ដែល​ពួកគេ​ចង់​ដើរ​ឆ្លង​កាត់​មុខ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ សំដៅ​ទៅ​រដ្ឋ​សភា ជា​ទី​ដែល​ពួកគេ​មានបំណង​ដាក់​ញត្តិ​សុំ​ឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​សង់​ លំនៅឋាន។

ការ​ប៉ះ​ទង្គិច​បាន​កើត​មាន​ឡើង នៅ​ពេល​ក្បួន​តវ៉ា​ធ្វើ​ដំណើរ​មក​ដល់​ប្រសព្វ​ផ្លូវ​ព្រះសីហនុ និង​ផ្លូវ​ប៉ាស្ទ័រ ក្បែរ​វត្ត​លង្កា សំដៅ​ទៅ​វិមាន​ឯករាជ្យ​នោះ កម្លាំង​កង​រាជ​អាវុធហត្ថ​បាន​ចេញ​មក​ឈរ​តម្រៀប​គ្នា​កាត់​ទទឹង​ផ្លូវ ដោយ​មាន​ខែល​និង​ដំបង​ស្ទាក់ មិន​ឲ្យ​ឆ្លង​កាត់​ផ្លូវ​នោះ។

​អ្នក​ភូមិ​បុរីកីឡា បាន​ព្យាយាម​ពន្យល់​និង​សូម​អង្វរ​ឲ្យ​អាជ្ញាធរ​បើកផ្លូវ​ដើម្បី​ធ្វើ​ដំណើរ ​ទៅ​មុខ​ឆ្ពោះ​ទៅ​កាន់​រដ្ឋ​សភា។ ប៉ុន្តែ​អាជ្ញាធរ​មិន​ព្រម រហូត​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា និង​ឈាន​ដល់​ការ​ប្រតាយប្រតប់​គ្នា​រវាង​អ្នក​តវ៉ា​ជាមួយ​ក្រុម​សន្តិសុខ​ ខណ្ឌ​ដូនពេញ ដែល​ធ្វើ​ឲ្យ​អ្នក​បុរីកីឡា ៣​នាក់​សន្លប់៖ «សំឡេង»។

អ្នក​ភូមិ​បុរីកីឡា​សន្លប់​នោះ រួម​មាន​លោកស្រី ឆាយ គឹមហ៊ន តំណាង​អ្នក​បុរីកីឡា លោកស្រី មិន ស៊ីណា និង​យុវតី  ញ៉ែម ស្រីម៉ី អាយុ ១៤​ឆ្នាំ។ ពួកគេ​ទាំង​បី​នាក់​នោះ សុទ្ធតែ​ត្រូវ​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ យក​ដំបង​ឆក់​ពី​ហោប៉ៅ​ខោ មក​ឆក់​ពួកគេ នៅ​ពេល​ដែល​ប្រទាញប្រទង់​គ្នា​ខ្លាំង ហើយ​លោកស្រី មិន ស៊ីណា ដែល​មាន​ជំងឺ​លើស​ឈាម​និង​មាន​មាឌ​ធំ​នោះ ត្រូវ​សន្តិសុខ​លោត​ធាក់​មួយ​ជើង​ផ្ងារ​ក្រោយ។ ក្មេង​តូចៗ​ដែល​ទៅ​តវ៉ា​តាម​ម្ដាយ បាន​យំ​ឡើង​កងរំពង។ ប៉ុន្តែ​សមត្ថកិច្ច​និង​កម្លាំង​ប៉េអិម​នៅ​ក្បែរ​នោះ​ធ្វើ​មិន​ឮ និង​នាំ​គ្នា​ឈរ​មើល​ក្រុម​សន្តិសុខ​វាយ​​ទៅ​លើ​ស្ត្រី​តវ៉ា​ទាំង​នោះ។

តំណាង​អ្នក​បុរីកីឡា លោកស្រី អាត សំណាង មាន​ប្រសាសន៍​ទាំង​យំ​អណ្ដឺតអណ្ដក​ថា ពួក​គេ​គ្មាន​បំណង​ទៅ​តវ៉ា​នៅ​មុខ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ទេ គ្រាន់តែ​នោះ​គឺ​ជា​ផ្លូវ​ដែល​ត្រូវ​ឆ្លង​កាត់​ទៅ​កាន់​រដ្ឋ​សភា។ លោកស្រី​គិត​ថា ការ​រាំងផ្លូវ​និង​វាយ​បង្ក្រាប​ពួកគាត់​នេះ ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ៖ «សំឡេង»។

​ទាក់ទិន​នឹង​ការ​ស្ទាក់ផ្លូវ​បិទ​រាំង​មិន​ឲ្យ​អ្នក​បុរីកីឡា ឆ្លង​កាត់​មុខ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក ភួង សុភ័ក្ត្រ ប្រាប់​ថា នេះ​ជា​បទបញ្ជា​ពី​លើ​មក​ដើម្បី​ការពារ​សុវត្ថិភាព​លោក​នាយក​រដ្ឋមន្ត្រី៖ «សំឡេង»។

អ្នក​ភូមិ​បុរីកីឡា បរាជ័យ​ក្នុង​ការ​ទាមទារ​ដើរ​ឆ្លង​កាត់​មុខ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហើយ​បាន​វាង​ផ្លូវ​ផ្សេង ដើម្បី​ដាក់​ញត្តិ​ទាមទារ​ទៅ​រដ្ឋ​សភា។ តំណាង​សហគមន៍​បុរី​កីឡា ៥​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​រដ្ឋ​សភា​ដើម្បី​ដាក់​ញត្តិ។

លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​អង្កេត បោស​សំអាត និង​ប្រឆាំង​អំពើពុករលួយ បាន​ទទួល​ញត្តិ​និង​សន្យា​ចំពោះ​តំណាង​សហគមន៍​ទាំង ៥​នាក់​នោះ​ថា លោក​នឹង​ប្ដេជ្ញា​ស៊ើប​អង្កេត​ពី​ករណី​ភាព​មិន​ប្រក្រតី​នៃ​ការ​អភិវឌ្ឍ​នៅ​ តំបន់​បុរីកីឡា ហើយ​ចាត់​វិធានការ​ដោះស្រាយ​បញ្ចប់​ជម្លោះ​នោះ​ឲ្យ​បាន​ឆាប់៕

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy