តុលាការ​កាត់​ទោស​ឲ្យ ខៀវ សំផន និង នួន ជា ជាប់​គុក​មួយ​ជីវិត

3

អង្គ ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ សីហា នេះ សម្រេច​ចេញ​សាលក្រម​ ផ្ដន្ទាទោស​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ពីរ​រូប គឺ នួន ជា និង ខៀវ សំផន ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ចំពោះ​ការ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង​ក្នុង​របប​កម្ពុជា​ ប្រជាធិបតេយ្យ។

ចុង ​បញ្ចប់​នៃ​ការ​ជំនុំ​ជម្រះ​ក្ដី​លើ​សំណុំ​រឿង ០០២ វគ្គ​០១ នៃ​រឿងរ៉ាវ​ឧក្រិដ្ឋកម្ម​របស់​ខ្មែរ​ក្រហម អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម រក​ឃើញ​ថា អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ២​រូប គឺ នួន ជា និង ខៀវ សំផន មាន​ពិរុទ្ធ ឬ​មាន​កំហុស ថា​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ក្នុង​របប​ កម្ពុជា​ប្រជាធិបតេយ្យ​នោះ។

បន្ទាប់ ​ពី​អាន​សេចក្ដី​សង្ខេប​នៃ​សំអាង​ហេតុ​រយៈពេល​ជាង ១​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី​៧ សីហា ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង គឺ​លោក​ចៅក្រម និល ណុន ប្រកាស​ផ្ដន្ទាទោស​ពិរុទ្ធជន​ទាំង ២​រូប ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត៖ «អង្គ​ជំនុំ​ជម្រះ​សម្រេច​ផ្ដន្ទាទោស ​ឱ្យ​ជន​ជាប់​ចោទ នួន ជា ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ អង្គ​ជំនុំ​ជម្រះ​សម្រេច​ផ្ដន្ទាទោស​ឱ្យ​ជន​ជាប់​ចោទ ខៀវ សំផន ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ដោយសារ​តែ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​បទ​ឧក្រិដ្ឋ​ដែល​ពួក​គាត់​ត្រូវ​បាន​ ផ្ដន្ទាទោស អង្គ​ជំនុំ​ជម្រះ​រក្សា​ទុក​ពិរុទ្ធជន នួន ជា និង ខៀវ សំផន នៅ​ក្នុង​មន្ទីរ​ឃុំឃាំង អ.វ.ត.ក (អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា) រហូត​ដល់​សាលក្រម​នេះ​ចូល​ជា​ស្ថាពរ។ លើក​លែង​តែ​មាន​ការ​បង្គាប់ លើស​ពី​នេះ​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល»

លោក ​ចៅក្រម និល ណុន ថ្លែង​បញ្ជាក់​ថា ការ​សម្រេច​បែប​នេះ គឺ​បន្ទាប់​ពី​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ពិចារណា​ទៅ​លើ​ភាព​ធ្ងន់ធ្ងរ នៃ​បទ​ឧក្រិដ្ឋ ជន​ជាប់​ចោទ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ រួម​ទាំង​ស្ថាន​ទម្ងន់​ទោស ស្ថាន​សម្រាល​ទោស និង​សក្ខីកម្ម​សាក្សី​ពាក់ព័ន្ធ​នឹង​អត្តចរិត​របស់ ខៀវ សំផន ផង។

សំណុំ ​រឿង ០០២ វគ្គ​០១ គឺ​ជា​ផ្នែក​ដំបូង​បំបែក​ចេញ​ពី​សំណុំ​រឿង ០០២ ដែល​មាន​ពិរុទ្ធជន នួន ជា និង ខៀវ សំផន ត្រូវ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ការ​បំបែក​សំណុំ​រឿង ០០២ ទៅ​ជា​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង​តូចៗ ដែល​មាន​វគ្គ​១ នេះ ដោយសារ​តែ​ទំហំ និង​ភាព​ស្មុគស្មាញ​នៃ​ដីកា​ដំណោះស្រាយ ព្រម​ទាំង​វ័យ​ចាស់ និង​សុខភាព​របស់​ជន​ជាប់​ចោទ។

សំណុំ ​រឿង ០០២ វគ្គ​០១ ទាក់ទង​ទៅ​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់ នួន ជា និង ខៀវ សំផន ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ រហូត​ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩។ ពិរុទ្ធជន នួន ជា ត្រូវ​បាន​ចោទ​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​គណៈកម្មាធិការ​មជ្ឈិម គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​សភា​តំណាង​ប្រជាជន និង​ពេល​ខ្លះ​ជា​នាយក​រដ្ឋមន្ត្រី​ស្ដីទី​នៃ​រដ្ឋាភិបាល​របប​កម្ពុជា​ ប្រជាធិបតេយ្យ។ ពិរុទ្ធជន ខៀវ សំផន ត្រូវ​បាន​ចោទ​ប្រកាន់​ថា មាន​តួនាទី​ជា​ច្រើន​នៅ​ក្នុង​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែរ។

អង្គ ​ជំនុំ​ជម្រះ​សាលា​ដំបូង បាន​កម្រិត​វិសាលភាព​សម្រាប់​សំណុំ​រឿង ០០២ វគ្គ​០១ ត្រឹម​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​ ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដែល​ក្នុង​នីតិវិធី​ជំនុំ​ជម្រះ​ហៅ​ថា ការ​ផ្លាស់​ទី​លំនៅ​ប្រជាជន​ក្នុង​ដំណាក់​កាល​ទី​មួយ និង​ការ​ផ្លាស់​ទី​លំនៅ​ប្រជាជន​នៅ​តំបន់​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​ កម្ពុជា ចាប់​ពី​ខែ​កញ្ញា រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​១៩៧៧ គឺ​ការ​ផ្លាស់​ទី​លំនៅ​ប្រជាជន​ដំណាក់​កាល​ទី​ពីរ។ ខែ​វិច្ឆិកា ឆ្នាំ​២០១១ និង​ក្នុង​ខែ​តុលា ឆ្នាំ​២០១២ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បាន​សម្រេច​ដាក់​បញ្ចូល​បទ​ចោទ​នានា ពាក់ព័ន្ធ​ការ​សម្លាប់​អតីត​អ្នក​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ នៅ​ទួលពោធិ៍ជ្រៃ នៅ​ខែ​មេសា ឆ្នាំ​១៩៧៥។

សេចក្ដី ​សង្ខេប​នៃ​សំអាង​ហេតុ ដែល​លោក​ចៅក្រម និល ណុន អាន​ដោយ​ស្រង់​យក​ការ​ចោទ​ប្រកាន់​របស់​ការិយាល័យ​សហ​ព្រះរាជ​អាជ្ញា​នោះ គឺ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង សម្រេច​ថា ពិរុទ្ធជន នួន ជា និង ខៀវ សំផន ពិត​ជា​មាន​កំហុស៖ «មាន​ពិរុទ្ធ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ ជាតិ ដែល​នៅ​ក្នុង​នោះ មាន​ការ​សម្លាប់​រង្គាល រួម​ទាំង​ការ​ធ្វើ​មនុស្ស​ឃាត ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​មូលហេតុ​នយោបាយ និង​អំពើ​អមនុស្ស​ធម៌​ផ្សេងៗ​ទៀត រួម​មាន​ការ​ជម្លៀស​ដោយ​បង្ខំ ការ​ធ្វើ​ឱ្យ​បាត់​ខ្លួន​ដោយ​បង្ខំ និង​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​លើ​ប្រទេស​កម្ពុជា ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​១៩៧៧»

ពិរុទ្ធជន នួន ជា និង ខៀវ សំផន ចាត់​ការ​ផ្ដន្ទាទោស​ដោយ​សាលា​ដំបូង គឺ​អយុត្តិធម៌ ដោយ​ពិរុទ្ធជន នួន ជា ប្រៀបធៀប​ដូច​ជា​សត្វ​ក្រពើ​មួយ​ទាំង​មូល គេ​យក​តែ​ក្បាល និង​កន្ទុយ​មក​និយាយ។ ពួក​គាត់​សន្យា​ថា នឹង​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត។ ទន្ទឹម​គ្នា​នេះ​ដែរ ពិរុទ្ធជន​ទាំង​ពីរ​រូប ក៏​នឹង​ត្រូវ​នាំ​ខ្លួន​ទៅ​ជំនុំ​ជម្រះ​នៅ​ក្នុង​សំណុំ​រឿង ០០២ វគ្គ​២ ទៀត ដែល​គេ​អាច​នឹង​ធ្វើ​សវនាការ​នៅ​ចុង​ឆ្នាំ​២០១៤ នេះ៕

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy