លក្ខខណ្ឌ​នៃ​ការព្យួរ EBA របស់​សហភាព​អឺរ៉ុប

5

ប្រទេស​ក្រីក្រ​ជាច្រើន រួម​ទាំង​ប្រទេស​កម្ពុជា​ផង សុទ្ធតែ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម ឬ EBA ដើម្បី​នាំ​ផលិតផល​ស្ទើរ​គ្រប់មុខ ទៅ​លក់​នៅ​ផ្សារ​សហភាព​អឺរ៉ុប ដោយ​មិន​ចាំបាច់​បង់ពន្ធ​។ ការ​មិន​ចាំបាច់​បង់ពន្ធ​នេះ ជួយ​ដល់​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា។ ប៉ុន្តែ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ មាន​ភ្ជាប់​លក្ខខណ្ឌ​តឹងរ៉ឹង ដែល​ប្រទេស​កម្ពុជា និង​ប្រទេស​នីមួយៗ ត្រូវ​គោរព។ ដោយ​ហេតុថា​កម្ពុជា ខកខាន​មិនបាន បំពេញ​តាម​លក្ខខណ្ឌ​ទាំង​នោះ​ទេ សហភាព​អឺរ៉ុប ត្រូវ​ចាប់ផ្ដើម​នីតិវិធី​ដក ឬ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។

តើ​អ្វីខ្លះ ជា​លក្ខខណ្ឌ​នៃ​ការ​អនុគ្រោះ​ពន្ធ EBA និង នីតិ​វិធី​ដក ឬ ព្យួរ​វា?

កម្មវិធី​អនុគ្រោះ​ពន្ធ​លើ «ទំនិញ​គ្រប់មុខ លើកលែងតែ​គ្រឿង​សព្វាវុធ​» Everything But Arms ឬ​ហៅ​កាត់​ថា EBA នេះ​ជា​ផ្នែក​មួយ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ របស់​សហភាព​អឺរ៉ុប ដែល​ផ្ដល់​ឱ្យ​តែ​ប្រទេស​ក្រីក្រ​ប៉ុណ្ណោះ។ គោលបំណង​នៃ​ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​ចង់​ឱ្យ​ប្រទេស​ក្រីក្រ​ទាំងនោះ មាន​ឱកាស​កាត់បន្ថយ​ភាព​ក្រីក្រ តាមរយៈ​ការ​រីក​លូតលាស់ ផ្នែក​សេដ្ឋកិច្ច ប្រកបដោយ​ចិរភាព។

ស្ថាប័ន​ដែល​កំណត់​ថា ប្រទេស​ណាមួយ ជា​ប្រទេស​ក្រីក្រ គឺ​គណៈកម្មាធិការ​សម្រាប់​គោល​នយោបាយ​អភិវឌ្ឍ របស់​អង្គការ​សហប្រជាជាតិ​។ បច្ចុប្បន្ន​នេះ មាន​ប្រទេស​ក្រីក្រ​ចំនួន ៤៨ នៅ​ទូទាំង​ពិភពលោក រួម​ទាំង​កម្ពុជា​ផង ដែល​កំពុង​ទទួល​បាន​ផលប្រយោជន៍ ពី​ការ​អនុគ្រោះ​ពន្ធ​នេះ។

ប្រទេស​ក្រីក្រ​ទាំងនោះ មិន​ចាំបាច់​ដាក់ពាក្យ​សុំ ទើប​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA នេះ​ទេ។ តាម​បញ្ញត្តិ​របស់​សហភាព​អឺរ៉ុប ប្រទេស​ទាំងនេះ ស្ថិត​ក្នុង​បញ្ជី​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ ឱ្យ​តែ​ជា ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​ជាងគេ។

នៅ​តំបន់​អាស៊ីអាគ្នេយ៍ ឬ អាស៊ាន ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ មាន​ប្រទេស​តែ​បី​ប៉ុណ្ណោះ ដែល​ចាត់​ទុក ថា​ជា​ប្រទេស​ក្រីក្រ រួមមាន​ប្រទេស​កម្ពុជា ឡាវ និង ភូមា (​ឬ​មីយ៉ាន់ម៉ា) ដែល​សុទ្ធតែ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ។

ប្រទេស​ដែល​បានការ​អនុគ្រោះ​ពន្ធ​នេះ អាច​នាំចេញ​ផលិតផល​គ្រប់មុខ លើកលែងតែ​គ្រឿង​សព្វាវុធ ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប ដែល​មាន ២៨ ប្រទេស ដោយ​មិន​ចាំបាច់​បង់ពន្ធ និង​ដោយ​គ្មាន​កូតា​កំណត់។ តាមរយៈ​ការ​អនុគ្រោះ​ពន្ធ​នេះ ប្រទេស​ដែល​នាំ​ទំនិញ​ចេញ ចំណេញ​ពន្ធ​រហូត​ដល់ ២០% លើ​មុខទំនិញ​នីមួយៗ។

ទោះជា​យ៉ាង​នេះ​ក្តី ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​មាន​ភ្ជាប់​លក្ខខណ្ឌ​ធំៗ​មួយ​ចំនួន ដែល​ប្រទេស​នីមួយៗ ត្រូវ​បំពេញ​ឱ្យ​បានជា​ដាច់ខាត។ លក្ខខណ្ឌ​ទាំងនោះ រួមមាន​ការ​គោរព​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​ការងារ ដែល​មាន​ចែង នៅ​ក្នុង​គោលការណ៍​ជា​មូលដ្ឋាន នៃ​អនុសញ្ញា​ទាំងឡាយ ស្ដីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ។

បើ​ប្រទេស​ណាមួយ បំពាន​ធ្ងន់ធ្ងរ​ទៅលើ​លក្ខខណ្ឌ​មួយ ឬ​ច្រើន តាម​មាត្រា ១៩ នៃ​បទបញ្ញត្តិ ស្ដីពី​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ សហភាព​អឺរ៉ុប នឹង​ដក ឬ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នោះ​។ ប៉ុន្តែ មុន​នឹង​ឈាន​ដល់​ដំណាក់​ការ​ដក ឬ​ព្យួរ​នេះ សហភាព​អឺរ៉ុប ជូន​ដំណឹង​ទៅ​ប្រទេស​សាម៉ី ឱ្យ​ដឹងខ្លួន​ជាមុន​សិន។

ដូច​ក្នុង​ករណី​ប្រទេស​កម្ពុជា ក្រោយ​របប​លោក ហ៊ុន សែន ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ធ្វើទុក្ខបុកម្នេញ​លើ​មន្ត្រី​សហជីព​កម្មករ ចាប់​សកម្មជន​ដីធ្លី សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ និង​រៀបចំ​ការបោះឆ្នោត ដោយ​ផាត់​គណបក្ស​ប្រឆាំង សហភាព​អឺរ៉ុប បាន​ថ្កោលទោស និង​ព្រមាន​របប​នេះ ជាច្រើន​សារ ឱ្យ​ស្ដារ​ស្ថានភាព​នេះ​ជា​បន្ទាន់ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​ដក ឬ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។

សហភាព​អឺរ៉ុប ចាត់​ទុក​ចំណាត់​ការ​របស់​របប​លោក ហ៊ុន សែន ក្នុង​រយៈពេល ១៨ ខែ​ចុង​ក្រោយនេះ ថា ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដែល​ផ្ទុយ​ទៅ​នឹង​លក្ខខណ្ឌ ដែល​កម្ពុជា​ត្រូវតែ​គោរព ដើម្បី​ជា​ថ្នូរ​នឹង​ការ​បន្ត​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។

ជា​លទ្ធផល កាលពី​ថ្ងៃទី១១ ខែ​កុម្ភៈ សហភាព​អឺរ៉ុប បាន​ប្រកាស​ចាប់ផ្ដើម​អនុវត្ត​នីតិ​វិធី​ដក ឬ ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ​។ នីតិវិធី​នេះ ចាប់ផ្ដើម ក្រោយ​សហភាព​អឺរ៉ុប បាន​បញ្ជូន​គណៈប្រតិភូ​ស្វែងរក​ការពិត​មួយ​ក្រុម ទៅ​កម្ពុជា កាលពី​ដើមខែ​កក្កដា ឆ្នាំ ២០១៨​។ សហភាព​អឺរ៉ុប ក៏បាន​ព្រមាន​របប​លោក ហ៊ុន សែន កាលពី​ដើមខែ​តុលា ឆ្នាំ ២០១៨ ដែរ​ថា បើ​របប​នេះ នៅតែ​មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ យ៉ាង​យូរ​ប្រាំមួយ​ខែ​ក្រោយ សហភាព​អឺរ៉ុប នឹង​អនុវត្ត​នីតិ​វិធី​ដក ឬ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។

ក្រោម​សម្ពាធ​នេះ របប​លោក ហ៊ុន សែន បាន​បន្ធូរបន្ថយ​ស្ថានការណ៍​ខ្លះ​ដែរ ដូចជា​ដោះលែង​អ្នក​ទោស​នយោបាយ និង​សកម្មជន​ដីធ្លី និង​អ្នកសារព័ត៌មាន ជា​ទ្រង់ទ្រាយ​ធំ ចាប់ផ្ដើម​ពី​ខែ​កញ្ញា ឆ្នាំ ២០១៨​។ ក្រោយមក​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ពន្លឿន​នីតិវិធី​តុលាការ លើ​រឿង​ក្តី​មេ​សហជីព​កម្មករ និង​ផ្ទេរ​ការ​ឃុំខ្លួន​លោក កឹម សុខា ពី​គុក​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្បែរ​ព្រំដែន​វៀតណាម មក​ឃុំខ្លួន​ក្នុង​ផ្ទះ​គាត់ នៅ​ភ្នំពេញ​វិញ។

នាយករង​ទទួលបន្ទុក ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) ថា​របប​ភ្នំពេញ​ដឹងខ្លួន ថា​កំពុង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ចាប់ផ្ដើម​ចរចា ជាមួយ​សហភាព​អឺរ៉ុប ជិត​មួយ​ឆ្នាំ​ហើយ ពោល​គឺ​តាំង​ពីមុន​សហភាព​អឺរ៉ុប ចាប់ផ្ដើម​នីតិវិធី​ដក ឬ ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ​មក​ម្ល៉េះ៖ «ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សព្វថ្ងៃ មិន​ត្រឹមតែ​អាក្រក់​ទេ គឺ​វា​កំពុងតែ​យ៉ាប់យ៉ឺន​ជា​លំដាប់​។ ស្ថានភាព​នេះ​នឹង​ប្រសើរ​ឡើងវិញ គឺ​អាស្រ័យ​លើ​សហភាព​អឺរ៉ុប ដែល​ចាប់​ផ្ដើម​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។ យើង​ដឹង​ហើយ​ថា ការ​អនុគ្រោះ​ពន្ធ​នេះ ចងភ្ជាប់​លក្ខខណ្ឌ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​។ កម្ពុជា​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​នេះ​ទេ។ ឥឡូវ​នេះ យើង​ដឹង​ថា រដ្ឋាភិបាល កម្ពុជា​កំពុង​ចរចា​ជាមួយ​សហភាព​អឺរ៉ុប។ យើង​សង្ឃឹមថា នឹង​មាន​ការ​កែទម្រង់ ដើម្បី​ស្ដារ​សិទ្ធិមនុស្ស​ឡើងវិញ»។

ប៉ុន្តែ សហភាព​អឺរ៉ុប ចាត់​ទុក​ចំណាត់​ការ​ប៉ុណ្ណេះ នៅ​តិចតួច​មិន​គ្រប់គ្រាន់ ថា បាន​ស្ដារ​សិទ្ធិមនុស្ស និ​ប្រជាធិបតេយ្យ ដែល​រង​ការរំលោភ​ធ្ងន់ធ្ងរ ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លះ​មក​ហើយ​នោះ​ទេ​។ សហភាព​អឺរ៉ុប ទាមទារ​ឱ្យ​ទម្លាក់​ចោល ការចោទប្រកាន់​លើ​លោក កឹម សុខា ផ្ដល់​នីតិសម្បទា​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ដែល​របប​នេះ​ហាមឃាត់​សិទ្ធិ​នយោបាយ ទាំងអស់​វិញ អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះជាតិ បើក​ដំណើរការ​ឡើងវិញ និង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ជាដើម។

លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) មិន​ភ្ញាក់ផ្អើល​នឹង​ចំណាត់​ការ​របស់​សហភាព​អឺរ៉ុប​ទេ ព្រោះ​អ្វី​ដែល​របប​លោក ហ៊ុន សែន ធ្វើ​នោះ​គឺ​អេះ​មិន​ទាន់​ចំ​រមាស់៖ «ប៉ុន្តែ ជា​អកុសល រដ្ឋាភិបាល​កម្ពុជា ធ្វើ​បាន​តិចតួច ដែល​មិន​គ្រប់គ្រាន់ ក្នុង​ការ​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​ប្ដូរ​ចិត្ត​ទេ​។ អ្វី​ដែល​សហភាព​អឺរ៉ុប មិន​អាច​ប្ដូរ​ចិត្តបាន​នេះ គឺ​ដោយសារតែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​កំណត់​ច្បាស់ ថា​កម្ពុជា​ត្រូវតែ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ទើប​អាច​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ​។ ប៉ុន្តែ កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន មិន​បាន​បំពេញ​តាម។ ទាំងអស់​នេះ គឺជា​កំហុស​របស់​លោក ហ៊ុន សែន។ សហភាព​អឺរ៉ុប សម្រេច​ផ្អែកលើ​តថភាព​ជាក់ស្ដែង មិនមែន​ដោយសារ​រឿង​នយោបាយ​ទេ»។

ឥឡូវ​នេះ ដោយសារតែ​សហភាព​អឺរ៉ុប បាន​ចាប់ផ្ដើម​នីតិវិធី​ដក ឬ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ របប​លោក ហ៊ុន សែន តាមពិត មាន​ពេល​តែ ១២ ខែ​ប៉ុណ្ណោះ គិត​ចាប់ពី​ថ្ងៃទី​១២ ខែ កុម្ភៈ ឆ្នាំនេះ ដើម្បី​ស្ដារ​ស្ថានភាព​អាក្រក់​នេះ​ឱ្យ​ទាន់​។ នីតិវិធី​ក្នុង​រយៈពេល ១២ ខែ​នេះ ចែកចេញជា​បី​ដំណាក់កាល​។ ដំណាក់កាល​ទីមួយ គឺ​ប្រាំ​មួយ​ខែ ដំបូង ពី​ខែ កុម្ភៈ ដល់​ខែ កក្កដា គឺ​ដំណាក់កាល​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ស៊ីជម្រៅ ថា តើ​កម្ពុជា​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​កែប្រែ​ស្ថានការណ៍​បច្ចុប្បន្ន​។ សហភាព​អឺរ៉ុប ផ្តល់​ឱកាស​ឱ្យ​កម្ពុជា ក្នុង​ការចរចា និង​ចូលរួម​សហការ ក្នុង​ការ​ប្រមូល​ព័ត៌មាន​ចាំបាច់។ ដំណាក់កាល​ទី​ពីរ គឺ​បី​ខែ​បន្ទាប់ រាប់​ពី​ខែ សីហា ដល់​ខែ​តុលា គឺជា​ពេល​សរសេរ​របាយការណ៍ សរុប​លទ្ធផល​នៃ​ដំណាក់កាល​តាមដាន​ប្រាំ​ខែ​ដំបូង​នោះ​។ ដំណាក់​កាល​ទី​បី គឺ​បី​ខែ​បន្ទាប់​មក​ទៀត គិត​ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដល់​ខែ មករា ឆ្នាំ ២០២០ គណៈកម្មការ​អឺរ៉ុប នឹង​បិទ​បញ្ចប់​នីតិវិធី ១២ ខែ​នេះ ដោយ​ចេញ​សេចក្តី​សម្រេច​ស្ថាពរ​មួយ ថា​តើ​ត្រូវ​ដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​។ បើ​គណៈកម្មការ​នេះ សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា នៅ​ថ្ងៃខែ​មករា ឆ្នាំ​២០២០ នោះ​មែន ប្រសិទ្ធភាព​នៃ​ការអនុវត្ត ត្រូវ​រង់ចាំ​ប្រាំ​មួយ​ខែ​បន្ទាប់​ទៀត មាន​ន័យថា ការ​ដក​ការ​អនុគ្រោះ​ពន្ធ នឹង​ចាប់ផ្ដើម នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២០។

មិនមែន​តែ​ប្រទេស​កម្ពុជា​ទេ ដែល​អាច​នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នេះ​។ ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា​ឯណោះ ក៏​ប្រឈមមុខ​នឹង​ស្ថានភាព​ដូចគ្នា​នេះ​ដែរ ក្រោយ​សហភាព​អឺរ៉ុប បាន​រក​ឃើញ នូវ​អំពើ​រំលោភ​សិទិ្ធ​មនុស្ស​ធ្ងន់ធ្ងរ នៅ​ប្រទេស​នេះ ដែល​ប្រព្រឹត្ត​ទៅលើ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា។

ទោះបី​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ជា​មូលហេតុ ដែល​សហភាព​អឺរ៉ុប ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ពី​ប្រទេស​ដែល​ប្រព្រឹត្ត អំពើ​បំពាន​នេះ​ក៏ដោយ បើ​ប្រទេស​ណាមួយ​ងើប​ខ្លួន​រួច​ពី​ឋានៈ​ប្រទេស​ក្រីក្រ ហើយ​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់ ឬ​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ប្រទេស​នោះ ក៏​នឹង​លែង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ តទៅទៀត​ដែរ​។ ជា​ឧទាហរណ៍ កាលពី​ខែ​មករា ឆ្នាំ ២០១៩ សហភាព​អឺរ៉ុប បាន​ដក​ប្រទេស សាម៉ូអា (Samoa) ចេញពី​បញ្ជី​ប្រទេស​ក្រីក្រ និង​លែង​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ​ត​ទៀត ដោយសារ​ប្រទេស​នេះ មាន​សេដ្ឋកិច្ច​រីកចម្រើន ផុត​ចំណាត់ថ្នាក់​ប្រទេស​ក្រីក្រ​។ ស្ថាប័ន​ដែល​អាច​ចាត់​ចំណាក់​ថ្នាក់ ថា​ប្រទេស​ណាមួយ លែង​ជា​ប្រទេស​ក្រីក្រ​បាន គឺ​ធនាគារ​ពិភពលោក។ ប្រទេស​ណា​ក៏​ដោយ អាច​រួច​ផុត​ពី​ឋានៈ​នៃ​ប្រទេស​ក្រីក្រ បើ​ប្រទេស​នោះ រក​ប្រាក់​ចំណូល​បាន​ខ្ពស់​បី​ឆ្នាំ​ជាប់ៗ​​គ្នា។

ប្រទេស​កម្ពុជា បើ​តាម​ធនាគារ​ពិភពលោក រក​ឃើញ​ថា ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅឡើយ​។ បើ​សេដ្ឋកិច្ច​កម្ពុជា មិន​រង​ផល​ប៉ះពាល់​អ្វី និង​បន្ត​មាន​កំណើន​សេដ្ឋកិច្ច ចាប់ពី ៧% កម្ពុជា​ត្រូវការ​ពេល​ជាង ១០ ឆ្នាំ​ទៀត ទើប​អាច​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ ដែល​ដល់​ពេលនោះ​កម្ពុជា នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​ដោយ​ស្វ័យប្រវត្តិ។

ប៉ុន្តែ ដោយសារ​សេដ្ឋកិច្ច​កម្ពុជា ពឹងផ្អែក​ខ្លាំង​ទៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រហែល ៧០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ កម្ពុជា​នឹង​បាត់បង់​ឱកាស ក្នុង​ការ​អភិវឌ្ឍ​ខ្លួន ឱ្យ​ក្លាយទៅជា​ប្រទេស មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ បើ​សហភាព​អឺរ៉ុប ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅ​ពេល​នេះ​។ មិនតែប៉ុណ្ណោះ កម្ពុជា​នឹង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ប៊ិះ​ក្រ ធ្លាក់ខ្លួន​ក្រ​វិញ ជាង​ពាក់​កណ្ដាល​នគរ បើ​អត់ EBA។

លោក ហ្វ៊ីល រ៉ូប៊ឺតសុន ថា​នាឡិកា​ម៉ោង កំណត់​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ចាប់ផ្ដើម​ហើយ​។ រយៈពេល ១២ ខែ​នោះ ក៏​សហភាព​អឺរ៉ុប បាន​ជូនដំណឹង​ទៅ​របប​លោក ហ៊ុន សែន រួច​ហើយ​ដែរ៖ «នៅ​ទីបំផុត បើ​លោក ហ៊ុន សែន កែប្រែ និង​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ សហភាព​អឺរ៉ុប អាច​សម្រេច​មិន​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ​។ ទោះជា​យ៉ាង​នេះ​ក្តី អ្វីៗ​គឺ​ស្ថិត​នៅ​លើ​លោក ហ៊ុន សែន ថា​តើ​គាត់​មាន​សុឆន្ទៈ ក្នុង​ការចរចា ដោយ​ស្មោះ​ត្រង់​ជាមួយ​សហភាព​អឺរ៉ុប ឬ​យ៉ាងណា»។

លោក​បន្ត​ថា បើ​លោក ហ៊ុន សែន នៅតែ​លេងល្បិច​នយោបាយ មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ កម្ពុជា​ចៀស​មិន​ផុត​ពី​ទទួល​ទណ្ឌកម្ម​នេះ​ទេ៕

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy