ក្រសួង​​ប្រកាស​ពី​វិធានការ​​ទប់ស្កាត់ ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក​

25 février 2019

EVENT, NATIONAL

8

ភ្នំពេញៈ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ ​នៅ​​ប្រទេស ​វៀតណាម ​កំពុង​គំរាម​កំហែង​ដល់​ទីផ្សារ​ជ្រូក​​ក្នុង​​ស្រុក​របស់​កម្ពុជា​ ​ខណៈ​អ្នក​នៅ​ក្នុង​វិស័យ​នេះ​បារម្ភ​ថា​ អាច​នឹង​មាន​ការ​លួច​នាំចូល​ជ្រូក​កាន់​តែ​ច្រើន​ដែល​​អាច​នាំ​ជំងឺ​នេះ​មក​កម្ពុជា​។​

ទោះបី​យ៉ាង​នេះ​ក្តី​ ក្រសួង​កសិកម្ម​កាល ពី​ថ្ងៃ​ម្សិលមិញ បាន​ដាក់​ចេញ​វិធានការ​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​។

ថ្មីៗ​នេះ​ជំងឺ​​ប៉េស្ត​ជ្រូក​ អាហ្រ្វិក​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​កសិដ្ឋាន ​៣ ​កន្លែង​នៅ​​ក្នុង​ខេត្ត​ចំនួន​ ​២ ​នៅ​ភាគ​ខាង​ជើង​ប្រទេស ​វៀត​ណាម ​ដែល​​ជំរុញ​ឲ្យ​អាជ្ញាធរ​វៀតណាម​​សម្រេច​សម្លាប់​ជ្រូក​​ចោល​ ២៥៣ ​ក្បាល ​ដើម្បី​បង្ការ​កុំ​ឲ្យ​ជំងឺ​នេះ​​សាយភាយ​​ទៅ​កាន់​កន្លែង​ផ្សេងៗ​ទៀត​។ ​នេះ​បើ​តាម​នាយកដ្ឋាន​សុខភាព​សត្វ​នៃ​​ក្រសួង​កសិកម្ម​​ប្រទេស ​វៀតណាម​។

លោក​ស៊្រុន ​ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​បាន​និយាយ​​ថា​ ការ​រក​ឃើញ​វត្តមាន​​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​​នៅ​ប្រទេស​ ​វៀតណាម បាន​ធ្វើ​ឲ្យ​ប្រទេស​ទទួល​ទិញ​ជ្រូក​ពី​វៀតណាម​មួយ​ចំនួន​​សម្រេច​បញ្ឈប់​ភ្លាមៗ​ការ​ទិញ​ជ្រូក​ពី​ វៀតណាម​​ ដែល​ធ្វើ​ឲ្យ​​ជ្រូក​​​ដល់​អាយុ​ត្រូវ​លក់​​ នៅ​សល់​ច្រើន ​ហេតុ​នេះ​អាច​នឹង​ត្រូវ​ឈ្មួញ​មួយ​ចំនួន​នាំ​ចូល​មក​លក់​នៅ​​កម្ពុជា​​តាម​ច្រក​របៀង​ព្រំដែន​។ ​

លោក​ថ្លែង​​​ថា៖ ​«​ក្តី​បារម្ភ​ខ្លាំង​របស់​សមាគម​ពេល​​នេះ​ គឺ​ខ្លាច​មាន​ការ​លួច​​នាំចូល​ជ្រូក​ [ទាំង​មាន​ជំងឺ និង​គ្មាន​​ជំងឺ] ពី​វៀតណាម​មក​កម្ពុជា​​​កាន់​តែ​ច្រើន​ព្រោះ​​ប្រទេស ​ហ្វីលីពីន ​ដែល​ជា​ទីផ្សារ​ទិញ​ជ្រូក​ពី​វៀតណាម​បាន​ប្រកាស​ផ្អាក​ការ​នាំចូល​សាច់​ជ្រូក និង​ជ្រូក​រស់​​ពី​​ប្រទេស ​វៀតណាម ​រួច​ហើយ​ដើម្បី​បង្ការ​ការ​រាលដាល​ទៅ​ដល់​ជ្រូក​របស់​គេ»។​​

ជា​មធ្យម​ក្នុង ​១ ​ថ្ងៃ​កម្ពុជា​មាន​តម្រូវ​ការ​ជ្រូក​​ប្រមាណ ​៥ ០០០ ​ក្បាល​ ដោយ​ក្នុង​​នោះ​ប្រមាណ​ជិត ​២០ ​ភាគរយ​ជា​ជ្រូក​នាំចូល​ពី​ប្រទេស​ វៀតណាម​ និង​ថៃ​។ ដោយ​សារ​កម្ពុជា​តែង​​នាំចូល​ជ្រូក​ពី​ប្រទេស​ ​វៀតណាម ​នោះ​ ហេតុ​នេះ​ប្រសិន​បើ​គ្មាន​ការ​ត្រួត​ពិនិត្យ​ច្បាស់លាស់​ វា​អាច​នឹង​ធ្វើ​ឲ្យ​​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​រាលដាល​មក​ដល់​កម្ពុជា​។​

លោក​បញ្ជាក់​ថា​​៖​ «​ដោយ​សារ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មិន​អាច​ឆ្លើយ​តប​​នឹង​តម្រូវ​ការ​ទីផ្សារ​ ដូច្នេះ​​ខ្ញុំ​​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ជួយ​​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​ការ​នាំចូល​ជ្រូក​រស់ និង​សាច់​ជ្រូក​ពី​ប្រទេស ​វៀតណាម ​មក​កម្ពុជា​»។

បើ​តាម​លោក​ ស៊្រុន ​ពៅ​ រហូត​មក​ទល់​ពេល​នេះ​កម្ពុជា​មិន​ទាន់​រក​ឃើញ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ទេ តែ​ការ​បង្ក​ ជា​មុន​គឺ​ជា​កិច្ច​ការ​ចាំ​បាច់​។

បច្ចុប្បន្ន​​ជ្រូក​​រស់​មាន​តម្លៃ​ចន្លោះ​ពី​ ១០ ០០០-​១០ ៤០០ ​រៀល​ក្នុង ​១ ​គីឡូ​ក្រាម​ ដែល​​នេះ​ជា​តម្លៃ​ល្អ អាច​ឲ្យ​អ្នក​ចិញ្ចឹម​ទទួល​បាន​ប្រាក់​ចំណេញ​ គួរសម​។​ តម្លៃ​នេះ​បើ​ធៀប​ទៅ​នឹង​​ឆ្នាំ​មុន គឺ​បាន​កើន​ឡើង​ជិត​ទ្វេ​ដង។ នេះ​បើ​តាម​លោក ស៊្រុន ពៅ។​

លោក ចន ​ហេង ​ម្ចាស់​កសិដ្ឋាន​​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល កាល​ពី​ម្សិលមិញ​បាន​ប្រាប់​​ថា ក្នុង​នាម​ជា​អ្នក​ចិញ្ចឹម​ជ្រូក​លោក​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​នៅ​ពេល​​​ដឹង​​​ព័ត៌មាន​ថា​ ជំងឺ​​​ប៉េស្ត​ជ្រូក​អាហ្រ្វិក​កំពុង​កើត​ឡើង​ក្នុង​ប្រទេស ​វៀតណាម ព្រោះ​បើ​នៅ​កន្លែង​ចិញ្ចឹម​ណា​មាន​ជ្រូក​កើត​ជំងឺ​នេះ វា​នឹង​ឆ្លង​រាលដាល ​ដែល​អាច​ធ្វើ​ឲ្យ​ជ្រូក​នៅ​កន្លែង​នោះ​ងាប់​ទាំង​អស់​តែ​ម្តង​។

លោក​​បាន​​បន្ត​​​ថា៖ ​«​ខ្ញុំ​សូម​ឲ្យ​​អាជ្ញាធរ​ជំនាញ​ជួយ​ទប់ស្កាត់​នៅ​តាម​ព្រំ​ប្រទល់​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ ដើម្បី​ចៀស​វាង​​ការ​នាំចូល​ជ្រូក​មាន​ជំងឺ​មក​កម្ពុជា​»​។

ក្រសួង​កសិកម្ម​​កាល​ពី​ម្សិលមិញ​បាន​ចេញ​វិធាន​ការ​មួយ​ចំនួន​ដើម្បី​ទប់​ស្កាត់​ការ​កើត​មាន​ឡើង​នៃ​ជំងឺ​នេះ​។

សេចក្តី​ប្រកាស​នេះ​ ណែនាំ​ដល់​ភាគី​ពាក់​​​ព័ន្ធ​ទាំង​អស់ ​ពិសេស​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស ​វៀតណាម ត្រូវ​អនុវត្ត​​នូវ​វិធានការ​ជាក់លាក់​មួយ​ចំនួន​ដើម្បី​ទប់​ស្កាត់​ជំងឺ​នេះ​។

ត្រូវ​ទប់ស្កាត់​ការ​នាំចូល​ជ្រូក​រស់ និង​ផលិតផល​ជ្រូក​គ្រប់​ប្រភេទ​ដែល​ខុស​ច្បាប់ ហើយ​រាល់​ការ​ចរាចរ​សត្វ​ជ្រូក និង​​ផលិតផល​សាច់​ជ្រូក​ ត្រូវ​មាន​វិញ្ញាបនបត្រ​អនាម័យពី​ប្រទេស​នាំចេញ និង​​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​សុខ​ភាព​​សត្វ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​។

ក្រសួង​បាន​ជំរុញ​ឲ្យ​​បង្កើន​ការ​អង្កេត​តាម​ដាន​ ឃ្លាំ​មើល​ស្ថានភាព​សុខភាព​សត្វ​ជ្រូក​នៅ​តាម​មូលដ្ឋាន​ កន្លែង​ចិញ្ចឹម​ និង​តាម​កសិដ្ឋាន​ជា​ប្រចាំ ​និង​ធ្វើ​ការ​សហការ​ឲ្យ​បាន​ល្អ​ជា​មួយ​ភាគី​​វៀតណាម​​ក្នុង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​ដើម្បី​ធ្វើ​ការ​ទប់ស្កាត់​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធភាព​។​

ជំងឺ​ប៉េស្ត​ជ្រូក​អា្រហ្វិក​នេះ​មិន​ប៉ះ​ពាល់​ដល់​​​មនុស្ស​នោះ​ទេ ​ប៉ុន្តែ​បណ្ដាល​ឲ្យ​មាន​​ជំងឺ​ផ្ដាសាយ​លើ​សត្វ​ជ្រូក​ដែល​នឹង​បង្ក​ឲ្យ​សត្វ​ជ្រូក​ងាប់​។ ​​មក​​ដល់​ពេល​នេះ​មិន​មាន​ថ្នាំ​សម្លាប់​មេរោគ​នេះ​ ឬ​វ៉ាក់សាំង​​ការពារ​នៅ​ឡើយ​ទេ​ ហើ​យ​វិធានការ​តែ ​១ ​​គត់​គឺ​សម្លាប់​​សត្វ​ដែល​ឆ្លង​រោគ​ចោល​។

ចិន ដែល​ជា​ប្រទេស​ផលិត​ និង​ប្រើប្រាស់​សាច់​ជ្រូក​ឈាន​មុខ​គេ​ក្នុង​​​ពិភព​លោក ​បាន​រាយការណ៍​ករណី​លើក​ដំបូង​របស់​​ខ្លួន​កាល​ពី​ខែ​សីហា​ ឆ្នាំ ​២០១៨ នៅ​ក្នុង​​ខេត្ត Liaoning។

ចាប់​ពី​ពេល​នោះ​​មក​ជំងឺ​នេះ​បាន​រីករាល​ដាលដល់​ភាគ​ខាង​ត្បូង ដែល​បណ្ដាល​ឲ្យ​មាន​ការ​សម្លាប់​សត្វ​ជ្រូក ៣៨ ០០០ ក្បាល៕

ហ៊ឹន ពិសី |
Publication date 22 February 2019

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy