ដំណាំ​ទុរេន​ងាប់​ដោយ​មិន​ដឹង​មូលហេតុ

16

កសិករ​នៅ​ស្រុក​សំឡូត​ខេត្ត​បាត់ដំបង​ព្រួយបារម្ភ ដែល​ដំណាំ​ទុរេន​របស់​ពួក​គាត់​ចេះ​តែ​ងាប់​ជា​បន្ត​បន្ទាប់​ដោយ​មិន​ដឹង​មូលហេតុ ហើយ​មិន​មាន​អាជ្ញាធរ​ណា​ជួយ​ពួកគាត់​បាន​នៅ​ឡើយ។

ពួក​គាត់​ព្រួយបារម្ភ​ខ្លាច​ទុរេន​ងាប់​អស់​ធ្វើ​ឲ្យ​ខាត​បង់​​ដល់​ប្រាក់​ចំណូល​សម្រាប់​ដោះ​ស្រាយ​ជីវភាព​គ្រួសារ។ មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​ថា ខាង​មន្ទីរ​បាន​ចុះ​អប់រំ​ពលរដ្ឋ ដើម្បី​ទប់ទល់​បញ្ហា​នេះ​បាន​មួយ​ចំនួន​ហើយ។

កសិករ​ដាំ​ធូរេន​នៅ​ឃុំ​សំឡូត​ លោក ព្រឿង ចាន់ណុយ ថ្លែង​ប្រាប់​អាស៊ី​សេរី​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ​ថា ដំណាំ​ទុរេន​របស់​លោក​ចំនួន ១០០​ដើម​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​កន្លះ​ហិកតារ ហើយ​បាន​ជ្រុះ​ស្លឹក​ងាប់​អស់​ប្រហែល ៦០​ភាគរយ​ហើយ ដោយ​មិន​ដឹង​មក​ពី​មូលហេតុ​អី​នោះ​ទេ។

លោក​បន្ត​ថា កាល​ពី​ឆ្នាំ​កន្លង​ទៅ​ទុរេន​ចំនួន ​១០០​ដើម​នេះ លោក​រក​បាន​ប្រាក់​ចំណូល​បាន​ប្រមាណ​៧ពាន់​ដុល្លារ​អាមេរិក ប៉ុន្តែ​ឆ្នាំ​នេះ​ទុរេន​ងាប់​អស់​ជាង​ពាក់​កណ្ដាល ដូច្នេះ​មិន​ដឹង​បាន​ប្រាក់​ចំណូល​ពី​ណា​ដោះ​ស្រាយ​ជីវភាព​គ្រួសារ​នោះ​ទេ ព្រោះ​គ្រួសារ​របស់​លោក​ពឹង​ផ្អែក​ទៅ​លើ​ដំណាំ​មួយ​នេះ៖ «ខ្លះ​គេ​ងាប់​តិច​ទេ តែ​របស់​ខ្ញុំ​ងាប់​ច្រើន​ជាង​គេ​។ដល់​វា​ក្រហម​ស្លឹក​ដោយសារ​សត្វ​ដង្កូវដួង​វា​ស៊ី​គល់​ធូរេន​ទៅ​វា​ចាប់​ផ្ដើម​ក្រហម​ស្លឹក​ ហើយ​យើង​ប្រឹង​ស្រោច​ទឹក​ក៏​មិន​បាត់​ដែរ​ ឥឡូវ​ខ្ញុំ​កាប់​ដើម​ចោល​អស់​ហើយ​ចំពោះ​ដើម​ដែល​ងាប់​នោះ​​ព្រោះ​វា​ជ្រុះ​ស្លឹក​អស់​ហើយ​។ ឆ្នាំ​នេះ​កសិករ​ថ្ងូរ​ធូរេន​ងាប់​គ្រប់​គ្នា សោកស្ដាយ​ធូរេន​ខ្លះ​ទើប​បាន​ផល​មួយ​ឆ្នាំ​ក៏​ងាប់​ដែរ»

កសិករ​ដាំ​ទុរេន​នៅ​ឃុំ​សំឡូត​ម្នាក់​ទៀត លោក ម៉ម ម៉ែន ថ្លែង​ឲ្យ​ដឹង​ថា ជីវភាព​របស់​គ្រួសារ​លោក​ច្បាស់​ជា​លំបាក​ខ្លាំង​ជាង​មុន​ ព្រោះ​ទាំង​ម្រេច ​និង​ដំណាំ​ទុរេន​ចាប់​ផ្ដើម​ងាប់​ជា​បន្ត​បន្ទាប់​ជិត ១ខែ​ហើយ ដោយ​ពុំ​មាន​វិធី​ជួយ​សង្គ្រោះ​បាន​នោះ​ទេ។ លោក​បន្ត​ថា​ ចាប់​តាំង​ពី​ទុរេន​ងាប់​មក​ទល់​ថ្ងៃ​ផ្សាយ​នេះ​ មិន​ទាន់​មាន​អាជ្ញាធរ​ណា​ចុះ​ជួយ​ពួកគាត់​នៅ​ឡើយ​ទេ៖ «ខ្ញុំ​មិន​ដែល​បាន​រៀន​ជា​មួយ​មន្ត្រី​កសិកម្ម​ផង​ ខាង​អ្នក​ផ្សេង​គេ​បាន​រៀន​ក៏​មិន​ដឹង​ ខ្ញុំ​រៀន​ត​ពី​កសិករ​គ្នា​ឯង​ សួរ​គេ​ហើយ​ក៏​ទៅ​ទិញ​ថ្នាំ​នៅ​ផ្សារ​យក​មក​ប្រើ​ខ្លួន​ឯង​ បើ​និយាយ​ទៅ​ដំណាំ​របស់​យើង​បើ​យើង​មិន​មើល​ថែ​ឲ្យ​អ្នក​ណា​គេ​ជួយ​យើង​ ពេល​ងាប់​ពេល​អី​ខ្ញុំ​ទៅ​ដើរ​សួរ​កសិករ​ហើយ​ដោះស្រាយ​ដោយ​ខ្លួន​ឯង»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខ ប្រមាញ់​និង​នេសាទ​ខេត្ត​បាត់ដំបង​ និង​ជា​អ្នក​ជំនាញ​ខាង​កសិកម្ម​ លោក អ៊ឹម សុវណ្ណ​មុនី មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​​ថា ដើម​ទុរេន​ងាប់​បណ្ដាល​មក​ពី​កើត​ជំងឺ​ផ្សិត​កើត​ចេញ​ពី​ឫស​ទុរេន ដោយសារ​កសិករ​ដាក់​ទឹក​ជោកជាំ​ច្រើន​ហួស និង​ខ្វះ​ការ​កាត់​សម្អាត​មែក​ទុរេន ដើម្បី​មាន​ពន្លឺ និង​ខ្យល់​អាកាស​ចេញ​ចូល​បាន​ល្អ។ លោក​អះអាង​ទៀត​ថា ខាង​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ចុះ​អប់រំ​កសិករ​ ដើម្បី​ទប់ទល់​បញ្ហា​នេះ​បាន​ជា​ច្រើន​គ្រួសារ​រួច​មក​ហើយ៖ «ភាគ​ច្រើន​គាត់​ដាំ​ទុក​ចន្លោះ​តូច​ពេក​ ហើយ​ទី២ គាត់​យក​ផ្លែ​ច្រើន​ហើយ​គាត់​បាន​តុបតែង​មែក​វា​ហើយ​អនាម័យ​ចម្ការ​ក៏​មិន​មាន​ ហើយ​បាន​ណែនាំ​ទាំង​អស់​នេះ។ ទី១ យើង​ឲ្យ​គាត់​ស្រោចស្រព​ធ្វើ​យ៉ាង​មិច​កុំ​វា​ស្រោចស្រព​លើស​បរិមាណ​ទឹក​ដែល​វា​ត្រូវ​ការ​ ទី២ ឲ្យ​គាត់​ជីក​ប្រព័ន្ធ​ឫស​ដើម្បី​ធ្វើ​ការ​ហាល​សំងួត​វា»

លោក​បញ្ជាក់​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ សូម​ឲ្យ​កសិករ​យក​ថ្នាំ ទ្រីកូឌីម៉ា (Trycodyma)​ ចាក់​នៅ​លើ​គល់​ទុរេន​ ដើម្បី​សម្រាល​ជំងឺ​ផ្សិត​កុំ​ឲ្យ​រាលដាល​បន្ត​ទៀត ហើយ​កសិករ​ត្រូវ​សម្អាត​ជុំវិញ​ដើម​ទុរេន​ឲ្យ​បាន​ស្រឡះ​ល្អ​ ដើម្បី​ជួយ​ឲ្យ​ទុរេន ដែល​មិន​ទាន់​ងាប់​បាន​លូតលាស់​ឡើង​វិញ។

មេឃុំ​សំឡូត​ លោក​ ធឹម ព្រឿង​ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា ដំណាំ​ទុរេន​របស់​កសិករ​ក្នុង​ឃុំ​ដែល​លោក​គ្រប់គ្រង ចាប់​ផ្ដើម​ងាប់​គ្រប់​ទី​កន្លែង​​ជា​បន្ត​បន្ទាប់​ អស់​ប្រមាណ ២០ភាគ​រយ​នៃ​ដំណាំ​ទុរេន​ដែល​បាន​ដាំដុះ៖ «ទុរេន​កន្លែង​ខ្លះ​ក៏​នៅ​ល្អ​ កន្លែង​ខ្លះ​ក៏​វា​បន្ត​ងាប់​បន្ត​ទៀត​ មិន​ដឹង​ថា​ វា​កើត​ជំងឺ​អី​ របៀប​រោគ​វា​ស៊ី​ពី​ឫស​មក​ កើត​ទូទៅ។ ដោយ​អ្នក​ខ្លះ​វា​អាច​ច្រើន មាន​អ្នក​ដាំ​ច្រើន​វា​ក៏​ងាប់​ច្រើន​ដែរ»

របាយការណ៍​អភិបាល​ស្រុក​សំឡូត កាល​ពី​ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា កសិករ​ក្នុង​​ស្រុក​​មួយ​នេះ​បាន​ដាំ​ដំណាំ​ទុរេន​ប្រមាណ ៤.០០០ហិកតារ នៅ​ឃុំ​ស៊ុង និង​ឃុំ​សំឡូត​ ក្នុង​នោះ​ប្រហែល ២.០០០ហិកតារ​កំពុង​ហុច​ផល៕

ដោយ ហេង រស្មី
2019-02-25

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy