ផលវិបាក​នៃ​ការ​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​រាល់​ថ្ងៃ

26 février 2019

SANTE សុខភាព

16

ក្រុមវេជ្ជបណ្ឌិតជំនាញ និង​គេហទំព័រ​សុខភាព​ជា​ច្រើន បាន​លើក​ឡើង​ពី​ផល​វិបាក​នានា នៃការ​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​រាល់​ថ្ងៃ រួម​មាន ទឹក​ក្រូច​កំប៉ុង គ្រប់​ប្រភេទ។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ទាំង​នោះ មិន​ត្រឹម​តែ​​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​បង្ក​ផល​ប៉ះពាល់​ជា​ច្រើន ដល់​សុខភាព​ថែម​ទៀត​ផង។

តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​កាត់​បន្ថយ ឬ​ទប់​ស្កាត់ បញ្ហា​ប៉ះពាល់​ដល់​សុខភាព​នេះ?

អនុបណ្ឌិត​វេជ្ជសាស្ត្រ​ផ្នែក​ជំងឺ​ទូទៅ នៅ​ក្រុង​ឡូវ៉ែល (Lowell) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋ​អាមេរិក លោក ឆាន់ ទូច មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ គួរ​បញ្ឈប់​ការ​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​រាល់​ថ្ងៃ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព ដូច​ជា ជំងឺ​លើស​ឈាម ទឹក​នោម​ផ្អែម និង​ជំងឺ​បេះ​ដូង ជា​ដើម។ លោក​ថា ជា​ការ​ប្រសើរ ពលរដ្ឋ​គួរ​ទទួល​ទាន​ទឹក​តែ ឬ​ទឹក​ធម្មតា​វិញ ពីព្រោះ​ភេសជ្ជៈ​ផ្អែម​ទាំង​នោះ រួម​មាន ទឹក​ក្រូច​កំប៉ុង ប៉ឹបស៊ី (Pepsi) និង ស្ព្រៃ (Sprite) ជា​ដើម​នោះ ​បាន​ដាក់​បញ្ចូល​ជាតិ​ស្ករ​ជា​ច្រើន​ខ្លាំង​ហួស​ពី​កម្រិត ដែល​យើង​ត្រូវ​ការ​រាល់​ថ្ងៃ៖ «សូដា​មួយ​កំប៉ុង មាន​កាឡូរី ១៤០ ហើយ​មាន​ជាតិ​កាបូហាយដ្រេត (Carbohydrate) ៣៩ក្រាម ដែល​ស្មើ ១៤% នៃ​កាឡូរី​ត្រូវ​ការ​មួយ​ថ្ងៃ។ ក្នុង​ហ្នឹង​បន្ថែម​ជាតិ​ស្ករ ៣៩ក្រាម លើស​ហ្នឹង​ទៀត។ ដូច្នេះ​និយាយ​ឲ្យ​ចំ​ទៅ​ទឹក ១កំប៉ុង ៩ ទៅ ១០ស្លាបព្រា​កាហ្វេ​ក្នុង​មួយ​កំប៉ុង។ អា​ហ្នឹង​គិត​តែ​ជាតិ​ស្ករ ចុះ​បើ​គិត​ពី​ជាតិ​កាបូហាយដ្រេត ដូច្នេះ​មួយ​កំប៉ុង យ៉ាង​តិច​ណាស់​មាន​ជាតិ​ស្ករ​ពី ១៣ ទៅ១៩ ស្លាបព្រា​កាហ្វេ​នៃ​ជាតិ​ស្ករ»

អនុបណ្ឌិត ឆាន់ ទូច មានប្រសាសន៍ថា មិន​តែ​នៅ​ប្រទេស​កម្ពុជា​ទេ នៅ​សហរដ្ឋ​អាមេរិក​នេះ​វិញ ក៏​ភាគ​ច្រើន​យុវវ័យ ឬ​ក្មេងៗ និយម​ចូល​ចិត្ត​ទទួល​ទាន​ទឹក​ក្រូច​កំប៉ុង ណាស់។ លោក​ថា អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​ភេសជ្ជៈ​ផ្អែម​កំប៉ុង​នេះ គឺ​ពិបាក​នឹង​កាត់​បន្ថយ ឬ​ឈប់​ណាស់ ដោយសារ​ក្នុង​ទឹក​សូដា​នោះ វា​មាន​លាយ​ជាតិ​កាហ្វេអ៊ីន ដែល​ធ្វើ​ឲ្យ​ញៀន និង​ជាតិ​ស្ករ។ លោក​បន្ត​ថា អ្នក​ទទួល​ទាន​ជាតិ​ស្ករ​ច្រើន​ក្នុង​ទឹក​ក្រូច​កំប៉ុង​នេះ ក្រៅ​តែ​ពី​ប៉ះពាល់​ដល់​សុខភាព គឺ​នាំ​ឲ្យ​ឡើង​ទម្ងន់​ខ្លាំង​ថែម​ទៀត​ផង៖ «យើង​សួរ​ថា ហេតុ​អ្វី​បាន​ជា​យើង​ឡើង​គីឡូ​ខ្លាំង​ម្ល៉េះ ព្រោះ​ជាតិ​ស្ករ​ដែល​យើង​ញ៉ាំ​វា​ច្រើន​មែនទែន។ យើង​គិត​អ៊ីចេះ ជាតិ​កាបូហាយដ្រេត (Carbohydrate) ៣៩ក្រាម​ហ្នឹង វា​ច្រើន។ កាល​ណា​ញ៉ាំ​ទៅ វា​បំបែក​បម្លែង​ជា​ជាតិ​ស្ករ ទី១ ហើយ​ទី២ ចំនួន​កាឡូរី ១៤០ យើង​ត្រូវ​ហាត់​ប្រាណ ឬ​រត់ ដើម្បី​ឲ្យ​រំលាយ​ជាតិ​ស្ករ​ចេញ​ពី​ខ្លួន។ ខ្មែរ​យើង​ញ៉ាំ​ច្រើន​ខ្លះ​រហូត​ដល់​ដប​ធំ ២លីត្រ ស្មើ​នឹង ៦កំប៉ុង»

គេហទំព័រ​វិទ្យាសាស្ត្រ​នៃ​ការ​បរិភោគ (The Science of Eating) បាន​បង្ហាញ​ថា ការ​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​មួយ​កំប៉ុង ចំណុះ ១២ អោន ឬ​ស្មើ ៣៥៤មីល្លីលីត្រ គឺ​ស្មើ​នឹង​ការ​បរិភោគ​ស្ករ​ចំនួន ១០ស្លាបព្រា​កាហ្វេ។ មាន​ន័យ​ថា ក្នុង​ទឹក​ក្រូច​មួយ​កំប៉ុង​នេះ គឺ​មាន​លាយ​ជាតិ​ស្ករ​ច្រើន​ហួស​ប្រមាណ ដែល​ចំនួន​នេះ គឺ​លើស​ជាង ២ដង នៃ​កម្រិត ដែល​ជា​តម្រូវ​ការ​របស់​មនុស្ស​ម្នាក់ៗ ក្នុង​មួយ​ថ្ងៃ។ ការ​ស្រាវជ្រាវ​បញ្ជាក់​ថា ក្រោយ​បរិភោគ​ភេសជ្ជៈ​ផ្អែម​កំប៉ុង​នេះ​រួច​ហើយ ២០នាទី​ក្រោយ​មក​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ហើយ​ថ្លើម​មិន​អាច​រំលាយ​ជាតិ​ស្ករ​បាន ក៏​បំប្លែង​ជា​ជាតិ​ខ្លាញ់​ទៅ​វិញ។ បន្ថែម​ពី​នេះ ជាតិ​ស្ករ​ច្រើន​ក្នុង​ឈាម ជា​ហេតុ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ទេ តែ​វា​បង្ក​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ កម្រិត​ជាតិ​ខ្លាញ់​ច្រើន មាន​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម មាន​វ័យ​ចាស់​ជាង​អាយុ និង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ជា​ច្រើន​ទៀត​ផង។

លោក​អនុបណ្ឌិត​វេជ្ជសាស្ត្រ​ផ្នែក​ជំងឺ​ទូទៅ ឆាន់ ទូច ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នេះ​គ្រាន់​តែ​លើក​ឡើង​ពី​ផល​វិបាក​នៃ​ការ​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​កំប៉ុង​មួយ​មុខ​ប៉ុណ្ណោះ។ លោក​ថា ផល​វិបាក​រយៈ​ពេល​យូរ នឹង​ប៉ះពាល់​ខ្លាំង ដល់​សុខភាព​ជា​ទូទៅ និង​ដល់​ប្រព័ន្ធ​ការពារ​ខ្លួន អាស្រ័យ​ហេតុនេះ យើង​ម្នាក់ៗ ត្រូវ​ថែ​រក្សា​ខ្លួន បញ្ឈប់​ការ​ទទួល​ទាន​ទឹក​ក្រូច​កំប៉ុង កាត់​បន្ថយ​ការ​សេព​សុរា​ច្រើន​ហួស​ហេតុ កុំ​ពិសា​បារី បរិភោគ​អាហារ​សម្រាប់​ទ្រទ្រង់​សុខភាព ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ និង​សម្រាន្ត​ឲ្យ​បាន​គ្រប់គ្រាន់៖ «យើង​គួរ​កាត់​បន្ថយ​ទម្លាប់​មួយ​កុំ​ញ៉ាំ​តែ​ម្ដង បើ​អាច​ធ្វើ​បាន ព្រោះ​សូដា​ហ្នឹង​វា​ប៉ះពាល់​តាំង​ពី​តូច​ដល់​ធំ។ ជួន​កាល វា​អាច​ប៉ះពាល់​ជំងឺ​ទឹក​នោម​ផ្អែម ប្រភេទ​ទី១ Diabetes Type 1 សម្រាប់​កូន​ក្មេង​ក្រោម ១៨ឆ្នាំ បើ​ក្មេង​នោះ​ធាត់​ខ្លាំង​ពេក។ ចំណែក​មនុស្ស​ចាស់​វិញ គឺ​កើត​ជំងឺ​ទឹក​នោម​ផ្អែម តែ​ជា​ប្រភេទ Diabetes Type 2 ហើយ​ជាតិ​ស្ករ​ច្រើន​នេះ នាំ​ឲ្យ​ប៉ះពាល់​ដល់​បេះដូង ការ​ដក​ដង្ហើម និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ខ្លួន​ចុះ​ខ្សោយ»

បញ្ហា​ឡើង​ទម្ងន់ និង​ការ​បង្ករ​បញ្ហា​ដល់​សុខភាព ដោយសារ​ការ​និយម​ចូល​ចិត្ត​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​កំប៉ុង​នេះ​ហើយ គឺ​ជា​ក្តី​ព្រួយ​បារម្ភ​របស់​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​សុខភាព ក្នុង​ពិភព​លោក។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​បញ្ជ្រាប​ចំណេះ​ដឹង ក្នុង​ការ​កាត់​បន្ថយ​ភេសជ្ជៈ​ផ្អែម កាល​ពី​ដើម ឆ្នាំ២០១៩ នេះ​នៅ​ទីក្រុង​ភ្នំពេញ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ វេជ្ជបណ្ឌិត ងី មាន​ហេង មានប្រសាសន៍ថា ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន តែង​តែ​ចាប់​អារម្មណ៍​តែ​រឿង​ស្រា គ្រឿងញៀន គ្រោះថ្នាក់​ចរាចរណ៍ និង​បញ្ហា​ផ្សេងៗ។ ក៏​ប៉ុន្តែ លោក​ថា ពលរដ្ឋ​មិន​បាន​ដឹង​អំពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព បណ្តាល​មក​ពី​ការ​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​រាល់​ថ្ងៃ​នោះ​ទេ។

លោក វេជ្ជបណ្ឌិត ងី មានហេង បន្ត​ថា ការ​ស្រាវជ្រាវ​នៅ​កម្ពុជា កាល​ពី​ឆ្នាំ២០១៦ បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ អាយុ ចន្លោះ​ពី ២៥ ទៅ ៦៤ឆ្នាំ គឺ​ធាត់ ឬ​លើស​ទម្ងន់ និង​មាន​ជំងឺ​ជា​ច្រើន ដោយសារ​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​រាល់ថ្ងៃ។ ភេសជ្ជៈ​ផ្អែម​ទាំង​នោះ រួមមាន ទឹកក្រូច​កំប៉ុង ឬ​ទឹកសូដា​កំប៉ុង កូកាកូឡា ប៉ឹបស៊ី និងSprite ជាដើម​។ អត្រាពលរដ្ឋអាយុ២៥ឆ្នាំទៅ៦៤ឆ្នាំ ដែល​លើស​ទម្ងន់ ឬ​ធាត់ បាន​កើន​យ៉ាង​ខ្លាំង​ពី ១៥,៤% នៅ​ឆ្នាំ២០១០ ឡើង​ដល់​ជិត ២២% នៅ​ឆ្នាំ២០១៦។ បន្ថែម​ពី​នេះ​អត្រា​អ្នក​មាន​ជាតិ​ស្ករ​លើស​ក្នុង​ឈាម ក៏​បាន​កើន​ឡើង​ខ្លាំង​ផង​ដែរ គឺ​ពី​ចំនួន ១,៤% ដល់៩,៦% នៅ​ក្នុង​អំឡុង​ពេល​ដូច​គ្នា​នេះ។​

ចំណែក​ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​នៅ​សហរដ្ឋ​អាមេរិក​នេះ​វិញ បង្ហាញ​យ៉ាង​ច្បាស់​ថា ការ​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​កំប៉ុង ឬ​ទឹកក្រូច​កំប៉ុង រួម​មាន កូកា (Coke), ស្ព្រៃ (Sprite) ទាំង​នេះ ​មិន​បាន​ផ្ដល់​នូវ​ជីវជាតិ​បំប៉ន​សម្រាប់​រាងកាយ​នោះ​ឡើយ ​ក្រៅ​តែ​ពី​រសជាតិ​ឆ្ងាញ់​របស់​វា ​គឺ​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់។ អ្នក​ដែល​ទទួលទាន​ទឹក​សូដា​ជា​ច្រើន​ ច្រើន​តែ​ខ្វះ​វីតាមីនA កាល់ស្យូម និង​ម៉ាញេស្យូម។ បន្ថែម​ពី​នេះ ក្នុង​ទឹក​ក្រូច​កំប៉ុង មាន​លាយ​ជាតិ អាស៊ីដ​ផូស្វ័រិច (phosphoric) ដែល​ទៅ​បំផ្លាញ​ជាតិ​កាល់ស្យូម ​និង​ម៉ាញេស្យូ បណ្ដាល​ឲ្យ​ប្រព័ន្ធ​ការពារ​ខ្លួន​ចុះ​ខ្សោយ និង​បណ្ដាល​ឲ្យ​​ឆ្អឹង​ពុក​ផុយ​ជាង​មុន ឬ​កើត​ជំងឺ​ពុក​ឆ្អឹង និង​ពុក​ធ្មេញ។ បន្ថែម​ពី​នេះ អ្នកវិទ្យាសាស្ត្រ​ផ្នែក​វេជ្ជសាស្ត្រ ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ការ​ទទួល​ទាន​ជាតិ​ស្ករ​ច្រើន នាំ​ឲ្យ​ឡើង​ទម្ងន់​ខ្លាំង ដែល​អាច​នឹង​ប្រថុយប្រថាន​នាំ​ឲ្យ​កើត ជំងឺ​មហារីក ហើយចំនួន២ភាគ៣ នៃ​អ្នក​កើត​ជំងឺ​មហារីក ដោយសារ​ជម្រើស​នៃ​របៀប​រស់​នៅ​របស់​ពួក​គេ គឺ​ចូល​ចិត្ត​ជក់​បារី ឬ​ប្រើ​ថ្នាំ​ជក់ ការ​បរិភោគ​អាហារ​ខ្វះ​ជីវជាតិ និង​កង្វះ​ការ​ហាត់​ប្រាណ៕

20 02 2019

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy