អាមេរិក ​ពន្យារ​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន

18

ក្រុង​វ៉ាស៊ីនតោនៈ សហរដ្ឋ​អាមេរិក​នឹង​ពន្យារ​ពេល​ការ​ដំឡើង​ពន្ធ​គយ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ ​ចិន ​ដែល​មាន​តម្លៃ​ជាង ២០០ ​ពាន់​​លាន​ដុល្លារ​ បន្ទាប់​ពី​​ «មាន​វឌ្ឍនភាព​ខ្លាំង» ​ក្នុង​ការ​ពិភាក្សា​​​ពាណិជ្ជកម្ម​រវាង​​ប្រទេស​​ទាំង ២។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​អាទិត្យ។

លោក ត្រាំ ក៏​បាន​និយាយ​ដែរ​ថា លោក​មាន​ផែនការ​រៀបចំ​ជំនួប​កំពូល​មួយ​ជា​មួយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនភីង នៅ​ឯង​គេហដ្ឋាន Mar-a-Lago របស់​លោក​នៅ​ក្នុង​រដ្ឋ​ Florida ដើម្បី​ចុះ​កិច្ច​ព្រមព្រៀង​មួយ។

លោក ត្រាំ បានសរសេរ​នៅ​លើ​បណ្តាញ​សង្គម Twitter របស់​លោក​ថា៖ «ខ្ញុំ​មាន​ក្តី​រីករាយ​នៅ​ក្នុង​ការ​រាយការណ៍​ថា សហរដ្ឋ​អាមេរិក​បាន​បង្កើត​វឌ្ឍនភាព​ខ្លាំង​នៅ​ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​របស់​យើង​ជាមួយ​នឹង​ប្រទេស ​ចិន ​អំពី​បញ្ហា​រចនា​សម្ព័ន្ធ​សំខាន់ៗ រួម​ទាំង​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា ការ​ផ្ទេរ​បច្ចេកវិទ្យា កសិកម្ម សេវាកម្ម រូបិយប័ណ្ណ និង​បញ្ហា​ផ្សេងៗ​ជា​ច្រើន​ទៀត»។

លោក​បាន​ឲ្យ​ដឹង​ថា៖ «ជា​លទ្ធផល​នៃ​ការ​ពិភាក្សា​ប្រកប​ដោយ​ផ្លែផ្កា​ខ្លាំង​ទាំង​នេះ ឥឡូវ​នេះ​ខ្ញុំ​នឹង​ពន្យារ​ពេល​ដំឡើង​ពន្ធ​គយ​ដែល​គ្រោង​ធ្វើ​ឡើង​នៅ ថ្ងៃ​ទី ​១ ខែ​មីនា។ សន្មត​ថា ភាគី​ទាំង​ ​២ ​បង្កើត​វឌ្ឍនភាព​បន្ថែម យើង​នឹង​មាន​ផែនការ​រៀបចំ​ជំនួប​កំពូល​មួយ​សម្រាប់​លោក​ប្រធានាធិបតី ស៊ី ជា​មួយ​​នឹង​ខ្ញុំ​ នៅ​ឯ​គេហដ្ឋាន Mar-a-Lago ដើម្បី​​បិទ​បញ្ចប់​កិច្ច​ព្រមព្រៀង​មួយ​»។

លោក​សរសេរ​បន្ថែម​ថា៖ «ចុង​សប្តាហ៍​ដ៏​ល្អ​ខ្លាំង​មួយ​​សម្រាប់​សហរដ្ឋ​អាមេរិក និង​ប្រទេស ​ចិន!»។

លោក ត្រាំ បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​រួច​ហើយ​អំពី​ការ​ចរចា​នេះ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​ បន្ទាប់​ពី​បាន​ជួប​ជា​មួយ​​ឧបនាយករដ្ឋមន្រ្តី​ចិន​ លោក Liu He។ ការ​ពិភាក្សា​​នេះ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ។

លោក ស៊ី ក៏​បាន​បង្ហាញ​ភាព​វិជ្ជមាន​ផង​ដែរ​​ក្នុង​លិខិត​មួយ​ដែល​លោក Liu បាន​ផ្តល់​ជូន​លោក ត្រាំ ដោយ​និយាយ​ថា លោក​សង្ឃឹម​ថា ការ​ចរចា​នឹង​​ធ្វើ​ឡើង​ក្នុង​ស្មារតី «ឈ្នះឈ្នះ» ដែល​នឹង​ឆ្ពោះ​ទៅរក​កិច្ច​ព្រមព្រៀង​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​ប្រធានាធិបតី​ចិន បាន​​បង្ហាញ​ក្តី​សង្ឃឹម​ថា ការ​ពិភាក្សា​នៅ​តែ «គោរព​គ្នា​ទៅវិញ​ទៅមក មាន​ការ​សហការ និង​មាន​ឥរិយាបថ​ឈ្នះ​ឈ្នះ» និង​ដើរ​ឆ្ពោះ​ទៅ​​​រក​កិច្ច​ព្រមព្រៀង​មួយ​ «ដែល​​​មាន​​អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ ២»។

លោក ត្រាំ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​មួយ​ស្តីពី​ការ​គ្រប់គ្រង​​រូបិយប័ណ្ណ នឹង​ត្រូវ​​​សម្រេច​បាន​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ ប៉ុន្តែ​ព័ត៌មាន​លម្អិត​តិចតួច​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​​ប្រទេស ចិន ដែល​មាន​​​អាយុ​កាល ៧ ខែ​នេះ បាន​ធ្វើ​​ឲ្យ​ប៉ះ​ពាល់​ដល់​ទីផ្សារ​ពិភព​លោក និង​បាន​ជំរុញ​ឲ្យ​មាន​ការ​​​ព្រមាន​​ខ្លាំង​អំពី​ហានិភ័យ​ចំពោះ​សេដ្ឋកិច្ច​ពិភព​លោក។

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា ភាគី​ទាំង ​២ ​ទំនង​នឹង​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ទៅ​វិញ​ទៅ​មក​ ដើម្បី​ដោះ​ស្រាយ​ផ្នែក​ដែល​ងាយ​ស្រួល​នានា​​នៃ​ជម្លោះ​​ពាណិជ្ជកម្ម​នេះ ដូច​ជា​ការ​បង្កើន​​ការ​ទិញ​ទំនិញ​អាមេរិក បើក​​ចំហ​ការ​វិនិយោគ​បន្ថែម​ក្នុង​​ប្រទេស ​ចិន និង​ការពារ​កាន់​តែ​តឹងរ៉ឹង​សម្រាប់​កម្មសិទ្ធិ​បញ្ញា និង​បច្ចេកវិទ្យា​ម្ចាស់​​ដើម។

ទន្ទឹម​នឹង​នេះ​ដែរ ផ្នែក​ដែល​លំបាកៗ ដែល​គ្រប​ដណ្តប់​លើ​បញ្ហា​នានា​ដូច​ជា កាត់​បន្ថយ​យុទ្ធសាស្រ្ត​ឧស្សាហកម្ម​ប្រកប​ដោយ​មហិច្ឆតា​របស់​ប្រទេស ​ចិន ​សម្រាប់​ភាព​ប្រសើរ​ជាង​គេ​ក្នុង​សកល​លោក គឺ​ជា​បញ្ហា​មួយ​ផ្សេង​ទៀត៕

AFP/KC
AFP | Publication date 26 February 2019 | 10:59 ICT

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy