អាល្លឺម៉ង់​ជំរុញ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ស្ដារ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ឡើង​វិញ

19

មន្ត្រីជាន់ខ្ពស់​អាល្លឺម៉ង់​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​កុំ​ឱ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប។ សហជីព​ឯករាជ្យ​នៅ​តែ​ជំរុញ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ដោះ​ស្រាយ​បញ្ហា​នេះ ដោយ​ឈរ​លើ​ផល​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ។

សមាជិក​សភា​សហព័ន្ធ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​របស់​ប្រទេស​អាល្លឺម៉ង់ លោក ន័រប៊ែរ បាហ្សល (Nobert Barthle) ថ្លែង​ថា កម្ពុជា​នៅ​មាន​ឱកាស​បញ្ចៀស​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​ឡើយ។ លោក​បន្ត​ថា រឿង​ដែល​សំខាន់​នោះ គឺ​ការ​បើក​ចំហ​ឱ្យ​មាន​សិទ្ធ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ឡើង​វិញ។ លើស​ពី​នេះ លោក​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ចាំបាច់​ត្រូវ​កសាង​ទំនុក​ចិត្ត និង​ស្វែងរក​ដំណោះ​ស្រាយ​រួម​គ្នា។
មន្ត្រី​ជាន់​ខ្ពស់​អាល្លឺម៉ង់​បញ្ជាក់​យ៉ាង​ដូច្នេះ បន្ទាប់ពី​លោក​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ចូល​ជួប​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ២៥ កុម្ភៈ កន្លងទៅ និង​ត្រូវ​បាន​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) និង​ធ្វីតធ័រ (Twitter) របស់​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា។

អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៦ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​គ្មាន​អ្នក​ទទួល។ ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​រូប​នេះ​ធ្លាប់​បាន​បញ្ជាក់​កាល​ពី​ពេល​កន្លង​ទៅ​ថា រដ្ឋាភិបាល​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន បើ​ទោះ​បី​ជា​មាន ឬ​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ក៏​ដោយ។ ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ក៏​បាន​ប្រាប់​កម្មករ​កម្មការិនី​រោងចក្រ កុំ​ឱ្យ​ខ្វាយខ្វល់​នឹង​បញ្ហា​ទាំង​ឡាយ​ជុំវិញ​រឿង EBA ព្រោះ​លោក​ចាត់​ទុក​ថា នេះ​ជា​ឃោសនា​អកុសល និង​ជា​ការ​បំផុស​សង្គ្រាម​ចិត្តសាស្ត្រ​វាយ​ប្រហារ​របប​របស់​លោក។

ទោះ​ជា​យ៉ាង​ណា ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ថា ប្រសាសន៍​របស់​មន្ត្រី​ជាន់​ខ្ពស់​អាល្លឺម៉ង់​នេះ ក៏​ស្រដៀង​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​ដែរ គឺ​ចង់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​ស្រាយ​វិបត្តិ​នយោបាយ ប្រជាធិបតេយ្យ និង​បញ្ហា​សិទ្ធិមនុស្ស ដើម្បី​បន្ត​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ត​ទៅ​ទៀត។ លោក​យល់​ថា សារ​នយោបាយ​របស់​អាល្លឺម៉ង់​នេះ​ជា​រឿង​សំខាន់ ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ពិចារណា ព្រោះ​អាល្លឺម៉ង់​ជា​ប្រទេស​ធំ និង​មាន​ឥទ្ធិពល​ក្នុង​សហភាព​អឺរ៉ុប ហើយ​ម្យ៉ាង​វិញ​ទៀត​ជំនួយ​របស់​អាល្លឺម៉ង់​បាន​ជួយ​លើក​ស្ទួយ​វិស័យ​ការងារ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​យ៉ាង​ច្រើន​ផង​ដែរ។ លើស​ពី​នេះ ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ មួយ​ចំនួន​របស់​អាល្លឺម៉ង់​ក៏​កំពុង​បោះ​ទុន​រក​ស៊ី​នៅ​កម្ពុជា​ដែរ៖ «ទោះ​បី​ជា​ឥលូវ​នេះ​នីតិវិធី​ដក​ចាប់​ផ្ដើម​ក៏​ដោយ ទ្រនិច​នាឡិកា​ចាប់​ផ្ដើម​ដើរ​ក៏​ដោយ ប៉ុន្តែ​គេ​ក៏​បាន​ប្រាប់​ដែរ​ថា នៅ​អំឡុង​ពេល​ហ្នឹង គឺ​នៅ​តែ​ជា​ឱកាស​សម្រាប់​ការ​ដោះ​ស្រាយ​បញ្ហា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប។ ខ្ញុំ​ស្ដាប់​ការ​លើក​ឡើង​របស់​ខាង​តំណាង​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប និង​អាល្លឺម៉ង់​នេះ ខ្ញុំ​គិត​ថា ដូច​ជា​មិន​ខុស​គ្នា​ទេ ខ្លឹមសារ និង​អត្ថន័យ​តែ​មួយ​ទេ។ ប្រសិន​បើ​កម្ពុជា​ដោះ​ស្រាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ការងារ ប្រជាធិបតេយ្យ និង​រឿង​នយោបាយ​ហ្នឹង​ឱ្យ​ចប់​ទៅ វា​ដូចជា​មិន​មាន​អ្វី​រាំង​ស្ទះ​ដល់​ដំណើរ​ការ​បន្ត EBA ទៀត​នោះ​ទេ»

កាល​ពី​ថ្ងៃ​ទី១១ កុម្ភៈ​កន្លង​ទៅ សហភាព​អឺរ៉ុប​បាន​ប្រកាស​ពី​ដំណើរ​ការ​ពិចារណា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ EBA ពី​កម្ពុជា។ ដំណើរ​ការ​នេះ មាន​រយៈ​ពេល​សរុប​ទាំង​អស់ ១៨ខែ​គិត​ចាប់​ពី​ថ្ងៃ​ទី១២ កុម្ភៈ​ត​ទៅ ហើយ​ចែក​ចេញ​ជា​បី​ដំណាក់​កាល។ សហភាព​អឺរ៉ុប​បាន​ទុក​ពេល​ឱ្យ​របប​ក្រុង​ភ្នំពេញ​ចំនួន៦ខែ ដើម្បី​ស្ដារ​ស្ថានការណ៍​នយោបាយ និង​សិទ្ធិមនុស្ស បើ​ពុំ​ដូច្នេះ​ទេ ក្នុងរយៈពេល៦ខែ បន្ទាប់​ទៀត​អឺរ៉ុប​នឹង​ចាប់​ផ្ដើម​ដំណាក់​កាល​ធ្វើ​ការ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​រក្សា ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។ បើ​មាន​ការ​សម្រេច​ថា​ព្យួរ សហភាព​អឺរ៉ុប​ទុក​ពេល​ឱ្យ​កម្ពុជា ៦ខែ​ទៀត ដើម្បី​ត្រៀម​ខ្លួន មុន​នឹង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​ចូល​ជា​ធរមាន។

ជុំវិញ​រឿង EBA នេះ លោក អាត់ ធន់ ថ្លែង​ថា ដំណោះ​ស្រាយ​សំខាន់ គឺ​ស្ថិត​នៅ​លើ​រដ្ឋាភិបាល​កម្ពុជា ដោយសារ​សហភាព​អឺរ៉ុប​បាន​ប្រកាស​ពី​ជំហរ​ច្បាស់លាស់​រួច​ទៅ​ហើយ​ទាក់ទង​នឹង​ដំណើរ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ៕

RFA

ដោយ ហេង រស្មី
2019-02-27


Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy