លោក​ស្ទីវ​ ឆាបុត ​ប្រាប់​លោក​ហ៊ុន សែន​ ឱ្យ​ផ្លាស់ប្តូរ​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម

23

លោក​ស្ទីវ ឆាបុត (Steve Chabot) ​អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​និង​លោក​អាឡាំង ឡូវឹនសល (Alan Lowenthal) បាន​ស្នើច្បាប់​ពាណិជ្ជកម្ម​កម្ពុជា​ដើម្បី​សើរើ​ពិនិត្យ​មើល​ឋានៈ​អនុគ្រោះពន្ធ​គយ (GSP) ​ដែល​កម្ពុជា​បាន​នាំ​ទំនិញ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក។

វ៉ាស៊ីនតោន —

កំណត់និពន្ធ៖ លោក​ស្ទីវ ឆាបុត (Steve Chabot) ​អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​និង​លោក​អាឡាំង ឡូវឹនសល (Alan Lowenthal) បាន​ស្នើច្បាប់​ពាណិជ្ជកម្ម​កម្ពុជា​ដើម្បី​សើរើ​ពិនិត្យ​មើល​ឋានៈ​អនុគ្រោះពន្ធ​គយ (GSP) ​ដែល​កម្ពុជា​បាន​នាំ​ទំនិញ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក។ លោកម៉ែន គឹមសេង ​នៃវីអូអេ​បាន​សម្ភាស​លោក​ស្ទីវ ឆាបុត នៅ​វិមានរដ្ឋ​សភា​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។ ខាងក្រោមនេះ​ជា​ខ្លឹម​សារ​បទសម្ភាស​ទាំងស្រុង៖

VOA: លោក​ទើប​បាន​ស្នើ​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា ដើម្បី​ពិនិត្យ​មើល​ឋានៈ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ​ដោយសារតែ​ការធ្លាក់ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ តើ​បញ្ហា​នេះ​សំខាន់​យ៉ាងណា​ដែរ​ សម្រាប់​សហរដ្ឋ​អាមេរិក និង​ហេតុ​អ្វី​បាន​ជា​ត្រូវ​ពិនិត្យ​មើល​GSP ​នៅពេល​នេះ?

ស្ទីវ ឆាបុត៖ លោក​ហ៊ុន សែន​ មិន​បាន​ធ្វើ​ការងារ​ត្រឹម​ត្រូវ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​ទេ។ គាត់​បាន​ដាក់​គុក​អ្នកសារព័ត៌មាន និង​រំលាយ​គណបក្ស​បក្ស​ប្រឆាំង។ គាត់​ធ្វើ​កិច្ចការ​ជាច្រើន​ដែល​មិន​អាច​ទទួល​យក​បាន។ ដូច្នេះ​យើង​ព្យាយាម​ដាក់​សម្ពាធ​លើ​ប្រទេស​នេះ​ ជាពិសេស​លើ​រូប​គាត់​ដើម្បី​ឱ្យ​ធ្វើ​កិច្ចការ​ត្រឹមត្រូវ​ចំពោះ​ពលរដ្ឋ​ខ្លួនឯង។​

VOA: ​ព្រឹទ្ធសភា​ក៏​បាន​ស្នើ​ឡើង​នូវ​ច្បាប់​ដូចនេះ​ដែរ​ ដូច្នេះ​តើ​សេចក្តី​ស្នើ​ច្បាប់​ទាំងពីរ​បំពេញ​ឱ្យ​គ្នា​យ៉ាងម៉េច​ដែរ?

ស្ទីវ ឆាបុត៖ យើង​សង្ឃឹម​ថា​ខាង​ព្រឹទ្ធសភា​នឹង​ធ្វើការ​បន្ថែម​ ដើម្បី​ឱ្យ​បាន​ច្បាប់​ដូចគ្នា​នេះ។ លោក​អតីត​សមាជិក​ព្រឹទ្ធសភា​ ចន​ ម៉ាក់ខេន (John McCain)ធ្លាប់​ជា​អ្នក​នាំ​មុខ​ក្នុង​បញ្ហា​នេះ​ជាយូរ​មកហើយ។ ឥឡូវនេះ​លោក​សមាជិកព្រឹទ្ធសភា​ថេត គ្រូស​ (Ted Cruz) ក៏​ខិត​ខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​នេះ​ដែរ ដើម្បី​បាន​សេចក្តីស្នើ​ច្បាប់​ដូច​គ្នា​នេះ។ អីចឹង​ហើយ​ច្បាប់​ទាំងពីរ​នេះ នឹង​ដំណើរការ​ទៅ​មុខ​បាន​ឆាប់។​

VOA: ​ដូច្នេះ​តើ​ពលរដ្ឋ​កម្ពុជា​និង​សហគមន៍​ខ្មែរ​អាមេរិកាំង​អាច​នឹង​រំពឹង​ថា​នឹង​ឃើញ​ច្បាប់​នេះ​ចេញ​រួចនៅពេល​ណា​ ដើម្បី​បញ្ជូន​ទៅដល់​ការិយាល័យ​នៃ​សេតវិមាន?

ស្ទីវ ឆាបុត៖ វាជា​ការ​ពិបាក​ក្នុងការ​ដាក់​ពេល​វេលា​កំណត់​ជាក់​លាក់​លើ​សេចក្តី​ ស្នើច្បាប់​នេះ។ យើង​សង្ឃឹម​ថា ​ច្បាប់​នេះ​នឹងចេញ​រួច​ក្នុងពេលឆាប់ៗ​ខាងមុខ​នេះ។ ប៉ុន្តែ​យើង​ក៏​សង្ឃឹម​ដែរ​ថា​ ច្បាប់​នេះ​នឹង​មិន​ចូល​ជាធរមាន​ដើម្បី​ដក​ហូត​ឋានៈ​អនុគ្រោះពន្ធ​ទេ ពីព្រោះ​យើង​សង្ឃឹម​ថា ​លោក​ហ៊ុន សែន​ នឹង​ធ្វើការ​កែ​លម្អ​ស្ថានការណ៍ ដោយ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន។ មាន​គណបក្ស​ច្រើន​ជាង​មួយ​ជាប់​ឆ្នោត។ ការ​បោះឆ្នោត​កាល​ពី​លើកមុន​ គឺជា​ការ​បោក​ប្រាស់​ទាំងស្រុង។ អាសនៈ​ទាំងអស់​ធ្លាក់ទៅ​គណបក្ស​ប្រជាជន​កម្ពុជារបស់​លោក​ហ៊ុន សែន។ នេះ​ជា​រឿង​មួយ​មិន​អាច​ទទួល​យក​បាន​ទេ។ ពលរដ្ឋ​កម្ពុជា​ក៏​ដឹង​ពីបញ្ហា​នេះដែរ។​ មនុស្ស​នៅលើ​ពិភពលោក​បាន​ដឹង​ពីរឿង​នេះ។ ពលរដ្ឋ​កម្ពុជា​សក្តិសម​នឹង​ទទួលបាន​អ្វី​ដែល​ល្អជាង​ពេលនេះ។

VOA: ​នៅពេល​ដែល​បាន​ដឹង​ពីការ​ស្នើ​ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា មន្ត្រី​កម្ពុជា​បាន​ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក​ពិចារណា​ឡើង​វិញ​ពី​ការចង់​ដក​ឋានៈអនុគ្រោះពន្ធ​នេះ។ តើ​លោក​យល់​យ៉ាងណា​ដែរ?

ស្ទីវ ឆាបុត៖ យើង​សង្ឃឹម​ថា​ការ​ដាក់​ទណ្ឌកម្ម ការ​ដកហូត​ទិដ្ឋាការ​ ការ​ដក​ហូត​ឋានៈ​អនុ​គ្រោះពន្ធ​ ពី​ប្រទេស​កម្ពុជា​នឹង​មិន​ចូល​ជាធរមាន​ទេ ពីព្រោះ​យើង​មិន​មែន​ធ្វើ​ដើម្បី​បំផ្លាញ​ពលរដ្ឋ​កម្ពុជា​ទេ គឺ​យើង​ធ្វើនេះ​ដើម្បីជួយ​ពលរដ្ឋ​កម្ពុជា។ ឥឡូវ​នេះ​លោក​ហ៊ុន សែន​មាន​អំណាច​ទាំងស្រុង​ ហើយ​មិន​ចែក​រំលែក​ជាមួយ​នឹង​អ្នកណា​ទាំងអស់។ លោក​ជា​នាយករដ្ឋ​មន្ត្រី​ដែល​កាន់អំណាច​យូរ​ជាងគេ​បំផុត​នៅ​អាស៊ី។ ពលរដ្ឋ​មាន​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ​ផ្ទាល់​ខ្លួន​របស់​គេ សិទ្ធិ​សេរីភាព​សារព័ត៌មាន សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួបប្រជុំ​គ្នា​ សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រកប​មុខ​របរ​តាម​ចំណង​ចិត្ត​របស់​ពួកគេ។ បច្ចុប្បន្ន​នេះ​នៅ​ក្រោម​របប​លោក​ហ៊ុន សែន​ ពួកគេ​អត់​មាន​ទេ។

VOA: លោក​ក៏​បាន​គាំទ្រ​សេចក្តី​ស្នើច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តើ​សេចក្តី​ស្នើ​ច្បាប់នេះ​បាន​ដល់​ដំណាក់​កាល​ណា​ហើយ?

ស្ទីវ ឆាបុត៖ យើង​កំពុងតែ​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សេចក្តី​ស្នើ​ច្បាប់​នេះ​ដែរ។ សេចក្តី​ស្នើច្បាប់​ទាំងពីរ​នេះ សុទ្ធតែ​ល្អ​ហើយ​យើង​សង្ឃឹម​ថា​នឹង​ដំណើរ​ការ​ទៅមុខ​ជាមួយ​នឹង​គ្នា។ សេចក្តី​ស្នើ​ច្បាប់​នោះ​ផ្តោត​លើ​ការ​ដាក់ទណ្ឌកម្ម​និង​ដក​ហូត​ទិដ្ឋាការ​ពី​មន្ត្រី​ស្និទ្ធ​នឹង​លោក​ហ៊ុន សែន​ខ្លះ ដែល​មាន​លុយកាក់​ជាច្រើន មាន​អំណាច​ជាច្រើន។ ពួកគេ​មាន​អំណាច​ច្រើន​រហូត​ដល់​ធ្វើ​បាប​ពលរដ្ឋ​ពីព្រោះ​ពលរដ្ឋ​គ្មាន​អំណាច​ហើយ​មិន​មាន​វិធី​រក​ចំណូល​សម្រាប់​ពួកគេ​ទេ។ អ្វីៗ​ចូល​ទៅ​បក្ស​ពួក​លោក​ហ៊ុន សែន។ នេះ​ជារឿង​មិន​ត្រឹមត្រូវ​ទេ។

VOA: ​សេចក្តី​ស្នើ​ច្បាប់នេះ​បាន​ផុត​សុពលភាព​នៅ​ព្រឹទ្ធសភា​កាលពី​អាណត្តិ​មុន តើ​លោក​មាន​វិធី​យ៉ាងណា​ដើម្បី​ធានា​ថា​ច្បាប់​នេះ​នឹង​អាច​អនុម័ត​យក​ទៅ​អនុវត្ត​បាន​នៅក្នុង​អាណត្តិ​នេះ?

ស្ទីវ ឆាបុត៖ វាពិបាក​ក្នុងការ​រុញ​ច្បាប់​ឆ្លងកាត់​ព្រឹទ្ធសភា​ ដោយសារតែ​បទបញ្ជាផ្ទៃក្នុង​របស់​ព្រឹទ្ធសភា។ នៅ​ក្នុង​សភា​តំណាងរាស្ត្រ​គឺ​យើង​ត្រូវការតែ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត។ នៅ​ព្រឹទ្ធសភា​គឺត្រូវ​ការ​សំឡេង​៦០​ក្នុងចំណោម​១០០។ នេះ​ជាការ​ពិបាក​សម្រេច​បាន។ ខ្ញុំ​សង្ឃឹម​ថា​ ព្រឹទ្ធសភា​នឹង​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​កិច្ចការនេះ។ នេះគឺជា​ច្បាប់​ដែល​មាន​ការគាំទ្រ​ពី​គណបក្ស​ទាំងពីរ។ កាលពី​ព្រឹកមិញ​ខ្ញុំ​បាន​ទៅ​ការិយាល័យ​របស់​លោក​អាឡាំង​ ឡូវឹនសល ដើម្បី​ជួប​តំណាង​សហគមន៍​ខ្មែរ។ ដូច្នេះ​យើង​ធ្វើការ​ជាមួយ​គ្នា។ អ្នក​តំណាងរាស្ត្រ​កម្រ​ធ្វើ​ការ​ជាមួយ​គ្នា​ដោ​យ​គណបក្ស​ទាំងពីរ​ណាស់​ ប៉ុន្តែ​សម្រាប់​បញ្ហា​នេះ​គឺ​យើង​ធ្វើការ​រួមគ្នា។​

VOA: កណ្តាប់ដៃចិន​នៅ​កម្ពុជា​កាន់តែ​តឹងឡើងៗ ដែល​កើតឡើង​ដោយ​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​ធ្លាក់ចុះ ដូច​ដែល​លោក​បាន​បញ្ជាក់​មុននេះ​បន្តិច។ ដូច្នេះក្រៅពី​សេចក្តី​ស្នើច្បាប់​ទាំងពី​រ​តើ​គួរតែ​ធ្វើ​កិច្ចការអ្វី​ទៀត​ ដើម្បី​ទប់​ស្កាត់​ការធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ?

ស្ទីវ ឆាបុត៖ នៅពេល​ដែល​ពលរដ្ឋ​កម្ពុជា​សំឡឹង​មើល​កិច្ចការ​នេះ​ និង​សំឡឹងមើល​ការណ៍​ដែល​លោក​ហ៊ុន សែន​ អូសទាញ​ប្រទេស​កម្ពុជា​កាន់តែ​កៀក​នឹង​ប្រទេស​ចិន ប្រឆាំង​នឹង​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក គឺ​ពួកគេ​ត្រូវ​សួរខ្​លួន​ឯង​ថា​ តើ​ពួកគេ​ពេញ​ចិត្តនឹងមាន​សេរីភាព​តាម​បែបចិន​ប៉េកាំង ឬ​ក៏​សេរីភាព​តាម​បែប​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប។ ខ្ញុំគិត​ថា ​វា​ជា​រឿង​ច្បាស់​ណាស់​ថា​នៅ​ទីនេះ​ គឺ​ពួកគេ​មាន​ការ​រីកចម្រើន​ជាង។ ប៉ុន្តែ​លោក​ហ៊ុន សែន ​ទាញ​កម្ពុជា​ទៅរក​ចិន ហើយ​ខ្ញុំគិត​ថា ​វា​ជា​រឿង​គ្រោះថ្នាក់​ណាស់​ដែល​មិន​ល្អ​ទេស​ម្រាប់​ពលរដ្ឋ​កម្ពុជា។

VOA: ​ប៉ុន្តែ​តើ​សហរដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​ពី​ឥទ្ធិពល​របស់​ប្រទេស​ចិន​ និង​ការ​ប្រើប្រាស់​ឥទ្ធិពល​មក​លើ​កម្ពុជា​ទេ?

ស្ទីវ ឆាបុត៖ យើង​មានការព្រួយបារម្ភ​ពី​រឿង​នេះ។ យើង​ដឹង​ថា​ ការ​សាងសង់​មូលដ្ឋាន​យោធា​ជើង​ទឹក​របស់​ចិន​នៅ​កម្ពុជា។ ពួកគេ​ព្យាយាម​កេង​ចំណេញ​ពី​ស្ថានភាព​នេះ ដើម្បី​ផលប្រយោជន៍​ចិន និង​ខាត​ផលប្រយោជន៍​ពលរដ្ឋ​កម្ពុជា។ ខ្ញុំ​សង្ឃឹម​ថា​ រឿង​នេះ​មិន​បន្ត​ទៅ​មុខ​ទៀតទេ។ ខ្ញុំ​សង្ឃឹម​ថា​ ប្រទេស​កម្ពុជា​នឹង​ដើរ​តាម​ផ្លូវ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​សេរីភាព៕

01 មិនា 2019
  • ម៉ែន គឹមសេង

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy