ភាព​រាំង​ស្ងួតនៅ​ខេត្ត​បន្ទាយមានជ័យ

29

ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ— សត្វ​កុក​ស​មួយ​ហ្វូង​កំពុង​ចិក​ចំណី​នៅ​ក្នុង​អាង​ទឹក​ត្រពាំង​ថ្ម​ដែល​ស្ថិត​ក្នុង​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក​នៃ​ខេត្ត​បន្ទាយ​មាន​ជ័យ ជាប់​ព្រំដែន​ថៃ ខណៈ​ដែល​ប្រជាជន​មួយ​ចំនួន​កំពុង​រក​ត្រី​នៅ​ក្នុង​អាង​ទឹក​ដ៏​ធំ​ល្វឹងល្វើយ​នេះ ហើយ​ខ្លះ​ទៀត​កំពុង​បូម​ទឹក​ដែល​នៅ​សល់​តិច​តួច​ដាក់​ស្រែ​របស់​ពួកគេ។

​ទោះបីជា​អាង​ទឹក​ត្រពាំង​ថ្ម​នេះ​គឺ​ជា​ទំនប់​ដែល​ធំ​ជាង​គេនៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ក៏ដោយ​ ក៏​បឹង​អភិរក្សទំហំ​ជាង​១២០០០​ហិកតា​ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្ដល់​ទឹក​ធ្វើ​ស្រែ​ចម្ការ និង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​នៅ​ទី​នេះ ​កំពុង​ប្រឈម​នឹង​កង្វះ​ទឹក ដោយសារ​តែ​​ភាព​រាំង​ស្ងួត។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ភ្នំស្រុក បាន​ត្អូញត្អែរ​ថា​មេឃ​មិន​មាន​ភ្លៀង តាំង​ពីរដូវ​វស្សា​ឆ្នាំ​មុន រហូត​ដល់​រដូវ​ប្រាំង​ឆ្នាំ​នេះ។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ធ្វើ​ស្រែទទួល​បាន​ផល​ច្រើន​ដូច​ការ​រំពឹង​ទុក​នោះ​ទេ។

អ្នកស្រី ពីង ចន្រ្ទា អាយុ​៣០​ឆ្នាំ ជា​កសិករ​ម្នាក់​ក្នុង​ភូមិ​ពោធិ​រាំ​បុណ្យ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​បឹង​ត្រពាំង​ថ្ម​ បាន​ថ្លែង​ប្រាប់​ VOA​ ថា អ្នកស្រី​បាន​ធ្វើ​ស្រែ​វស្សា ​កាល​ពី​ឆ្នាំ​មុន​ចំនួន៤​ហិកតា ដោយ​ជួល​ដី​គេ២​ហិកតា​ក្នុង​តម្លៃ​ជាង​៣០០​ដុល្លារ​ តែ​មិន​បាន​ទិន្នផល​ស្រូវ​ច្រើន​នោះ​ទេ។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ផ្ទះ​របស់​អ្នកស្រី​ថា៖

«តាម​ពិត​ទៅ​មួយ​ឆ្នាំ​ ធ្វើ​ស្រែ​វស្សា​តែ​ម្ដង។ តែ​ឆ្នាំ​នេះធ្វើ​ស្រូវ​ប្រាំង​ដែរ​ ស្រែ​វស្សា​យើង​ខូច។ អញ្ចឹង​យើង​ធ្វើ​ស្រូវ​ប្រាំង​ទុក​ហូប ពេល​នោះ​ស្រូវ​ប្រាំង​ខូច​ដែរ។ ស្រូវ​វស្សា​ ទឹក​ភ្លៀង​ក៏វា​អត់​មាន ​វា​ស្កក​អស់។ ពេល​យើង​ធ្វើ​ស្រូវ​ប្រាំង​ទៅ ខូច​ទៀត អត់​ទាំង​អស់»។

អ្នកស្រី​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ថា​ ប្រសិន​បើ​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ នោះ​ការ​ធ្វើ​ស្រែ​នៅ​រដូវ​កាល និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត នឹង​មិន​អាច​ទទួល​ផល​នោះ​ទេ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ប្លែក​ខ្លាំង​។ ឆ្នាំ​នេះ​រឹត​តែ​ប្លែក​ទៀត។ មិន​ដឹង​ឆ្នាំ​ក្រោយ ធ្វើ​ស្រែ​បាន​ហូប​អត់។ កាល​ពី​ឆ្នាំ​កន្លង​ទៅ​ ខែ​ចែត្រ​មាន​ភ្លៀង​ខ្លះ ដល់​ពេល​ឆ្នាំ​នេះ ​អត់​មាន​សុទ្ធ»។

អ្នកស្រី ពីង ចន្រ្ទា បាន​បញ្ជាក់​ថា អ្នកស្រី​សម្រេច​ធ្វើ​ស្រែ​រដូវ​ប្រាំង​នេះ ដោយសារ​សង្ឃឹម​លើ​ទឹកពី​អាង​ត្រពាំង​ថ្ម ប៉ុន្តែ ទឹក​នោះ​មិន​គ្រប់​គ្រាន់​សម្រាប់​ប្រជាជនទេ ខណៈ​ប្រជាកសិករ​បាន​សម្រុក​នាំគ្នា​ធ្វើ​ស្រែ​ប្រាំង​ដូចៗ​គ្នា ដោយសារ​ពួកគេ​មិន​អាច​ធ្វើ​ស្រែ​រដូវ​វស្សា​បាន ដោយ​សារ​តែ​ខ្វះ​ទឹក​ភ្លៀង។

អ្នកភូមិ​មួយ​ចំនួន​ទៀត​ក៏​បាន​ត្អូញត្អែរ​ចំពោះ​ភាព​រាំង​ស្ងួតនេះ​ផង​ដែរ។

លោក ឡាំង ធំ អាយុ​៤៦​ឆ្នាំ ដែល​ជា​កសិករ​ម្នាក់​នៅ​ក្នុង​ភូមិជាមួយ​អ្នកស្រី​ចន្ទ្រា​ដែរ បាន​ថ្លែង​ប្រាប់​ VOA ​ថា អាកាសធាតុ​មាន​ការប្រែប្រួល​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​ក្ដៅ​ខ្លាំង​មិន​មាន​ភ្លៀង ​និង​មិន​មាន​ខ្យល់​ដូច​ឆ្នាំ​កន្លង​ទៅ។

លោក​មាន​ប្រសាសន៍​ថា៖ «ប្លែក​ព្រឹក​ឡើង​អត់​មាន​ខ្យល់​ទេ។ ព្រឹក​ចាប់​ពី​ម៉ោង​៨ ដើរ​បើក​ភ្នែក​មិន​រួច​ទេ ក្តៅ។ ខ្ញុំ​ទៅ​វាល​[ស្រែ] ក្តៅ ពាក់​មួយហើយ បែក​ញើស​ស្រាក់ៗ»។

ដូច​អ្នកស្រី​ចន្ទ្រា​ដែរ លោក ​ឡាំង ធំ​ និយាយ​ថា លោក​ក៏​បាន​ខាត​បង់​ប្រាក់​ទៅ​លើ​ការ​ធ្វើ​ស្រែ​ប្រាំង​លើ​ដី​ជិត​៣ហិកតា​របស់​លោក ដោយសារ​ភាព​រាំង​ស្ងួត​នេះ។

កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ជាច្រើន​ទៀត ដែល​រង​ផល​ប៉ះពាល់​ខ្លាំង ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ។

នៅ​ប៉ុន្មាន​ខែ​ខាង​មុខ ប្រទេស​កម្ពុជា​នឹង​ប្រឈម​បាតុភូត«​អែល​នី​ណូ​»ដែល​បណ្ដាល​ឲ្យ​អាកាសធាតុ​ក្ដៅ​ហួតហែង ហើយ​សីតុណ្ហភាព​អាច​នឹង​ហក់​ឡើង​ដល់​៤០​ទៅ​៤២​អង្សាសេ និង​មាន​ភ្លៀង​កក់ខែ លាយឡំ​នឹង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ច្រើន។ នេះ​បើ​យោង​តាម​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។ បាតុភូត​នេះ​នឹង​ចាប់​ផ្ដើម​ពី​ខែ​មេសា ដល់​ខែ​ឧសភា ឆ្នាំ​២០១៩។

បើ​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ឥទ្ធិពល​«​អែល​នី​ណូ​» អាច​ឲ្យ​ការ​បង្ក​បង្កើន​ផល​ស្រូវប្រាំង បា​ន​តែ​មួយដង​ប៉ុណ្ណោះ បើ​ទោះ​ជា​ទឹក​នៅ​តាម​អាង​ដែល​បាន​រក្សាទុក ឬ​ទី​កន្លែង​ដែល​មាន​បឹង ព្រែក​ក្តី ក៏​មិន​អាច​ផ្គត់​ផ្គង់​ដំណាំ​ស្រូវ​គ្រប់គ្រាន់​ឡើយ។

មេភូមិ​ពោធិរាំ​បុណ្យ លោក មៀន សឿម មាន​ប្រសាសន៍​ថា ​ទិន្នផល​ស្រូវ​ដែល​ប្រជាពលរដ្ឋ​ប្រមូល​បាន​ក្នុង​ភូមិរបស់​លោក មាន​តិច​ជាង​១០​ភាគ​រយ​តែ​ប៉ុណ្ណោះ។ លោក សឿម ដែល​ស្រែ​របស់​លោក ​ក៏​រង​ផល​ប៉ះពាល់​ដោយសារ​កង្វះ​ទឹក​ដែរ​នោះ បាន​បញ្ជាក់​ថា ឆ្នាំ​នេះ មេឃ​មិន​មាន​ភ្លៀង និង​ខ្វះ​ខាត​ទឹក ​មាន​លក្ខណៈ​អាក្រក់​ជាង​គេ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុនៗ។

«បូម​ចែក​ថ្ងៃ​គ្នា។ ក្នុង​ពីរ​ថ្ងៃ​ហ្នឹង យើង​ត្រូវ​ចែក​នៅ​ភូមិ​យើង។ ចែក​ទៅ​តាម​កន្លែង​យើង​ដែល​ធ្វើ តំបន់​នេះ តំបន់​នោះ​ទៅ។ បាន​តែ​ម្នាក់​២​ម៉ោង​ទេ ក្នុង​មួយ​វាលៗ​នេះ។ អ្នក​ដែល​ជិត​បាន​ អ្នក​ដែល​ឆ្ងាយ​តិច អត់»។

មេភូមិ​រូប​នោះ​បាន​បញ្ជាក់​ថា៖

«អាក្រក់​ជាង​គេ។ បើ​សិន​មិន​មាន​ទឹក​អាង​នេះ យើង​មិន​បាន​ស៊ី​មួយ​គ្រាប់​ទេ ទាំង​វស្សា ទាំង​ប្រាំង។ បើ​សិន​មិន​មាន​ទឹក​អាង អត់​សោះ​បណ្ដោយ»។

លោក​មាន​ប្រសាសន៍​ថា​ ការ​មិន​ទទួល​បាន​ផល​ស្រូវ​នេះ​បាន​ប៉ះពាល់​ជីវភាព​ប្រជា​កសិករ​នៅ​ក្នុង​ភូមិ​ដែល​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​ការ​ធ្វើ​ស្រែ និង​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ចំណាក​ស្រុក​កាន់​តែ​ច្រើន ឬ​ឪពុក​ម្ដាយបង្ខំ​កូនឲ្យ​ធ្វើ​ការ ដើម្បី​រក​ប្រាក់​ចំណូល។

លោក​មេភូមិ​ ក៏​បា​ន​បង្ហាញ​ក្ដី​បារម្ភ​ថា ពលរដ្ឋ​នឹង​បន្ត​ធ្លាក់​ក្នុង​ការ​ជំពាក់​បំណុល​កាន់​តែ​ច្រើន​ឡើងៗ។

លោក​បញ្ជាក់​ថា៖ «បំណុល​កាន់​តែ​កើន កើន​ហើយ​ម្នាក់ៗ។ ឆ្នាំ​នេះ អ្នក​ខ្លះ ចូល​២០​ម៉ឺន​(បាត)។ អ្នក​ដែល​មិន​ជំពាក់​លុយ​គេ​ដូច​មិន​មាន​ទេ សម័យ​នេះ​ សព្វ​ថ្ងៃ​នេះ»។

លោក​បន្ថែម​ថា៖ «យើង​គិត​ថា​ឆ្នាំ​នេះ​ចេះ តែ​ឆ្នាំ​ក្រោយ ស្មើ​ប៉ុន​នេះ​ទៀត អ្នក​ស្រុក​យ៉ាប់​ហើយ រឹត​តែ​យ៉ាប់​ទៅ។ ហើយ​ធ្វើ​ស្រែ​នេះ មិន​មែន​យក​លុយ​ខ្លួន​ឯង​ទៅ​ទិញ​ណា»។

ប្រជាកសិករ​ខ្មែរ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ធ្វើ​ស្រែ​ពីរ​រដូវ គឺ​រដូវ​វស្សា​ដែល​ចាប់​ផ្ដើម​ពី​ខែ​ឧសភា ដល់​ខែ​តុលា និង​រដូវ​ប្រាំង ដែល​ចាប់​ផ្ដើម​ពី​ខែ​វិច្ឆិកា រហូត​ដល់​ខែ​មេសា។

សម្រាប់​ប្រជាជន​កម្ពុជា ដែល​មួយ​ចំនួន​ធំ​ក្នុង​ចំណោម​ប្រជាជន​ប្រមាណ​១៦​លាន​នាក់ នៅ​ពឹងផ្អែក​លើ​ការធ្វើ​ស្រែ​ចម្ការ​ ជាពិសេស​ដំណាំ​ស្រូវ​នេះ​ បញ្ហា​ទឹក​គឺ​ជា​រឿង​សំខាន់​មួយ​សម្រាប់​ពួកគេ ​ក្នុង​ការ​ធានា​ស្ថិរភាព​គ្រួសារ។

លោក ឌឿ យ៉ុច អាយុ​៤៦​ឆ្នាំ កសិករ​ម្នាក់​ទៀត​នៅ​ក្នុង​ស្រុក​ភ្នំស្រុកនេះ មាន​ប្រសាសន៍​ថា លោក​មាន​ដី​១​ហិកតា​កន្លះ ហើយ​លោក​បានជួល​ដី​គេ​ចំនួន​៦​ហិកតា ដើម្បី​ធ្វើ​ស្រែ​វស្សា តែ​លោក​បាន​ខាតបង់​ប្រាក់​ ដោយ​សារ​តែ​កង្វះ​ទឹក។

លោក​បញ្ជាក់​ថា៖ «គ្មាន​បាន​ទេ អត់​ហ្មង។ ផល​មិន​បាន​ទេ អត់​ទទេ​សុទ្ធៗ»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​រដូវ​វស្សា​មិន​អាច​ធ្វើ​ស្រែ​បាន លោក​ក៏​សម្រេច​ធ្វើ​ស្រែ​រដូវ​ប្រាំង​តែ​២​ហិកតា​កន្លះ​ប៉ុណ្ណោះ ហើយ​ទទួល​បាន​ផល​ស្រូវ​តិច​តួច​លើ​ដី​តែ​១​ហិកតា។

លោក យ៉ុច បាន​បញ្ជាក់​ថា៖

«ស្រែ​វស្សា​យើង​មិន​បាន​ហើយ ខ្ញុំ​ខំ​ធ្វើ​អា​ប្រាំង​នេះ ក្រែង​វា​បាន។ ចុះ​ឡើង​ទៅ វា​មិន​បាន​ដដែល។ វា​មិន​មាន​ទឹក ខាស់​ទឹក​អាង​អស់។ មើល​អាង​ទៅ រំពឹង​ថា​មាន​ទឹក អាច​ធ្វើ​បាន​គ្រប់គ្នា។ ដល់​ពេល​ទឹក​វា​តិច​ទៅ ធ្វើ​ច្រើន វា​មិន​បាន»។

ទោះ​ជា​យ៉ាង​ណា លោក​មាន​ប្រសាសន៍​ថា លោក​ប្រមូល​បាន​ស្រូវ​មួយ​ចំនួន​ទុក​សម្រាប់​ហូប​ប្រចាំ​ឆ្នាំ តែ​លោក​បារម្ភ​អំពី​ការ​ជំពាក់​បំណុល​គេ ដែល​បាន​កើន​ឡើង​រហូត​ដល់​ជិត​៣​ពាន់​ដុល្លារ​រួច​ទៅ​ហើយ។

លោក​បញ្ជាក់​បន្ថែម​ថា៖ «អា​រឿង​ហូប វា​បាន​ដែរ​រឿង​ហូប។ វា​យ៉ាប់ ​អា​រឿង​ជំពាក់​គេ។ មួយ​ហិកតា​ហូប​ដែរ​អស់។ វា​យ៉ាប់​អា​រឿង​ជំពាក់​គេ»។

លោក មៀ ស៊ីស អាយុ​៥៨​ឆ្នាំ ជា​អ្នក​រក​ត្រី​ម្នាក់​នៅ​បឹង​ត្រពាំង​ថ្ម បាន​បង្ហាញ​ក្តី​បារម្ភ​ថា បើ​អាកាសធាតុ​រឹត​តែ​ក្តៅ មិន​មាន​ភ្លៀង លោក​នឹង​មិន​អាច​រក​ត្រី​បាន​ដូច​មុន​នោះ​ទេ។ លោក​កត់​សម្គាល់​ថា ឆ្នាំ​នេះ មាន​ភាព​រាំង​ស្ងួត​ជាង​ឆ្នាំ​មុនៗ។

លោក​បាន​ថ្លែង​ពេល​កំពុង​រើស​ត្រី​ពី​សំណាញ់​ថា៖ «២​ឆ្នាំ​ហើយ ឆ្នាំ​មុន​អត់​មាន​ខាស់​ដូច​ឆ្នាំ​នេះ​ទេ។ អា​ឆ្នាំ​នេះ ខាស់​ជាង​ឆ្នាំ​មុន​ទៀត»។

ប្រសិន​បើ​ស្ថានភាព​អាកាសធាតុ​កាន់​តែ​អាក្រក់ ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​នៅ​ក្នុង​ឃុំ​ប៉ោយ​ចារ ក្នុងស្រុក​ភ្នំ​ស្រុក នឹង​រង​ផល​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ។ នេះ​បើ​យោង​តាម​មេឃុំ។

មេឃុំ​ប៉ោយចារ លោក ឃុត ឃួន មាន​ប្រសាសន៍​ថា​ប្រជាពលរដ្ឋ​យ៉ាង​តិច​៤០​ភាគរយ​នៅ​ក្នុង​ឃុំ​របស់​លោក​បាន​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ទឹក​អាង​ត្រពាំងថ្ម​នេះ​ជា​ប្រចាំ ក្នុង​នោះ​មាន​ការ​ប្រើប្រាស់​សម្រាប់​ងូត ការ​បោក​គក់ និង​ការ​នេសាទ​ផង​ដែរ។

លោក​បន្ត​ថា ​អាជ្ញាធរ​បាន​ជីក​ផ្លូវ​ជាង​៦​គីឡូ​ម៉ែត្រ ដើម្បី​ទាញ​ទឹក​ពី​ខេត្ត​សៀមរាប និង​ឧត្តរ​មានជ័យ តាម​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​ត្រូវ​បាន​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន។

លោក​មាន​ប្រសាសន៍​ថា៖ «ដំណោះ​ស្រាយ​របស់​យើង គឺ​យើង​បាន​អូស​ប្រឡាយ​ចេញ​ពី​ស្ទឹង​ចូល​ក្នុង​អាង។ ប៉ុន្តែ​ការ​ព្រួយ​បារម្ភ​ខ្លាច​វា​រាំង​ស្ងួត​ខ្លាំង​វា​ជួប​បញ្ហា​ផ្សេងៗ ជា​ពិសេស​សម្រាប់​មនុស្ស​ប្រើប្រាស់ សត្វ​គោ​ក្របី គ្រប់​ប្រភេទ ជីវចម្រុះ​ក្នុង​អាង​ហ្នឹង វា​អាច​បាត់​បង់»។

​លោក ឯម ដារ៉ា មន្ត្រី​ជំនួយ​បច្ចេកទេស​នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​ជា​អ្នក​ពិនិត្យ​មើល​អាង​ទឹក​ត្រពាំង​ថ្ម មាន​ប្រសាសន៍​ថា ភាព​រាំងស្ងួត​នេះ​កំពុង​ប៉ះពាល់​ដល់​សត្វ​ដែល​ពឹងផ្អែក​លើ​អាង​ទឹក​មួយ​នេះ។

លោក​បន្ថែម​ថា​អាង​ទឹក​នេះ​អាច​ផ្ទុក​ទឹក​បាន​ទៅ​ដល់​១៨០​លាន​ម៉ែត្រគីប តែ​នៅ​ឆ្នាំ​នេះ​ ទឹក​នៅ​ក្នុង​អាង​សល់​មិន​ដល់​១​លាន​ម៉ែត្រ​គីប​ផង។

លោក​បញ្ជាក់​ថា៖ «ទាល់​តែ​ទឹក​វា​បាន បាន​អំណោយ។ តែ​ទឹក​មិន​បាន​អស់​ហើយ។ អស់​ទាំង​សត្វ អត់​ទាំង​ត្រី»។

មេឃុំ​ប៉ោយ​ចារ លោក ឃុត ឃួន បាន​ឲ្យ​ដឹង​ថា​នៅ​រដូវចូល​ឆ្នាំ​ក្នុង​ខែ​មេសា​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​នឹង​ធ្វើ​ពិធី​សុំ​ទឹក​ភ្លៀង​ពី​ទេវតា​ផង​ដែរ។ ​

លោក ឌឿ យ៉ុច កសិករ​ក្នុង​ស្រុក​ភ្នំស្រុក​ មាន​ប្រសាសន៍​ថា លោក​នៅ​តែ​បន្ត​ធ្វើ​ស្រែ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ ដើម្បី​ដោះ​បំណុល​របស់​លោក​ប្រមាណ​៣​ពាន់​ដុល្លារ។

លោក​បញ្ជាក់​ថា៖ «ធ្វើ​ផ្សង​សំណាង​ចុះ​ហើយ។ ធ្វើ​រាល់​តែ​ឆ្នាំ អត់​ម៉េច​បាន បើ​ជំពាក់​គេ។ មាន​ប្រាក់​ណា​នឹង​ទៅ​ដោះ​គេ។ ផ្សង​សំណាង ខ្លាច​ទេវតា​វា​មក មាន​ទឹក​ភ្លៀង។ ក្រែង​បាន បើ​វា​មិន​មាន អត់​ទៀត​ទៅ»។

សម្រាប់​ពេល​នេះ ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ភ្នំ​ស្រុក​នេះ​ ហាក់​មិន​មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​ធ្វើ​ស្រែ ដោយ​ពឹង​ផ្អែក​លើ​ទឹក​ភ្លៀង​នោះ​ទេ៕

VOA
2 03 2019

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy