ប្រជា​នេសាទ​នៅ​​ខេត្ត​បាត់ដំបង​ស្នើ​​ឲ្យ​​ចាប់​បញ្ជូន​ជនជាតិ​វៀតណាម​នៅ​​បឹង​ទន្លេសាប​ឡើង​គោក ​ឬ​បណ្ដេញ​ទៅ​ស្រុក​វិញ

 39

ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងទន្លេសាប​ស្រុក​ឯកភ្នំ​ខេត្ត​បាត់ដំបង​ ទទូច​ឲ្យ​អាជ្ញាធរ​ ចាត់វិធានការ​ជម្លៀស​ជនជាតិ​វៀតណាម​នៅ​បឹងទន្លេសាប​ឲ្យ​ទៅ​រស់​នៅ​ដីគោក ឬ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ ដើម្បី​កុំ​ឲ្យ​ពួកគេ​​ធ្វើ​នេសាទ​ខុស​ច្បាប់​បន្ត​ទៀត​។ អ្នក​ភូមិ​នៅ​តំបន់​នោះ ​អះអាង​ថា ​ជនជាតិ​វៀតណាម​ទាំង​នោះ​ប្រើ​ឧបករណ៍​នេសាទ​ទំនើបៗ ចាប់​ត្រី ​ដែល​ងាយ​នឹង​ហិនហោច​ត្រី​យ៉ាង​ឆាប់រហ័ស ហើយ​​បាន​ប៉ះពាល់​ដល់​ការ​រក​ចំណូល​របស់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​គ្រួសារ​នៅ​រស់​តំបន់​នោះ។

តំណាង​ប្រជាពលរដ្ឋ​​ម្នាក់​​រស់​នៅ​ភូមិ​ក្បាល​តោល​ ឃុំ​កោះ​ជីវាំង​ ស្រុក​ឯកភ្នំ​ អ្នក​ស្រី ម៉ៅ សារ៉េត ថ្លែង​ប្រាប់​អាស៊ី​សេរី​ឲ្យ​ដឹង​​នៅ​រសៀល​ថ្ងៃ​ទី១០ មីនា​ថា ជីវភាព​ពួកគាត់​នៅ​រស់​បឹង​ទន្លេសាប​កាន់តែ​ក្រីក្រ ដោយសារ​ជនជាតិ​វៀតណាម​ធ្វើ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​អួន​ក្រឡា​ញឹក ដោយ​​មាន​ដាក់​ជើង​ច្រវាក់​ដែក​ឆក់​យក​ត្រី​ទាំង​តូច​ទាំង​ធំ​គ្មាន​សល់​អ្វី​ឡើយ។

ឧបករណ៍​នេសាទ​ខុស​ច្បាប់​នេះ មាន​បណ្ដោយ​ប្រមាណ ៨០​ម៉ែត្រ និង​ទទឹង​ប្រហែល ៧ម៉ែត្រ បាន​ធ្វើ​នេសាទ​នៅ​បឹង​ទន្លេសាប​ក្នុង​ភូមិ​ក្បាល​តោល​​ជា​ប្រចាំ​ ហើយ​គ្មាន​អាជ្ញាធរ​ទប់​ស្កាត់​បាន​នោះ​ទេ។

អ្នក​ស្រី​អះអាង​ថា​ទៀត​ថា ការ​ធ្វើ​នេសាទ​នេះ​ធ្វើ​ឲ្យ​​ត្រី​នៅ​បឹង​ទន្លេសាប​ហិនហោច។ ស្ត្រី​រូប​នេះ​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ចាត់​វិធានការ​ក្ដៅ​ ដោយ​ចាប់​បញ្ជូន​ពួកគេ​ឲ្យ​ទៅ​រស់​នៅ​លើ​ដីគោក​ ឬ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ជា​បន្ទាន់៖ «»

អ្នកស្រី​បន្ថែម​ទៀត​ថា បើ​អាជ្ញាធរ​ចេះ​តែ​បណ្ដោយ​ឲ្យ​ជនជាតិ​វៀតណាម​រស់​នៅ​បឹង​ទន្លេសាប​បន្ត​ទៀត​ប្រៀប​ដូច​សម្លាប់​ពលរដ្ឋ​ខ្មែរ​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ព្រោះ​ពួកគេ​គ្មាន​ឧបករណ៍​ទំនើបៗ ធ្វើ​នេសាទ​បាន​ដោយសេរី ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ មិន​អាច​ធ្វើ​នេសាទ​បាន​ទេ ដោយសារ​អ្នក​នេសាទ​វៀតណាម​បើក​កាណូត​កាត់​ផ្ដាច់​ជា​ប្រចាំ ដើម្បី​ងាយ​ស្រួល​ពួកគេ​ធ្វើ​នេសាទ​ចាប់​ត្រី​បាន​ច្រើន។

ពលរដ្ឋ​នៅ​បឹង​ទន្លេសាប​ម្នាក់​ទៀត សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ រៀបរាប់​ប្រាប់​អាស៊ី​សេរី​ឲ្យ​​ថា ជនជាតិ​វៀតណាម​នៅ​តែ​បន្ត​ធ្វើ​នេសាទ​ទ្រង់ទ្រាយ​ធំ​ក្នុង​បឹង​ទន្លេសាប ដោយសារ​​អំពើ​ពុករលួយ​របស់​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ ហើយ​អាជ្ញាធរ​ទប់​ស្កាត់​ ចំពោះ​តែ​ពលរដ្ឋ​ក្រីក្រ​ដែល​ធ្វើ​នេសាទ​តូចតាច ព្រោះ​មិន​មាន​ប្រាក់​បង់​ឲ្យ​សមត្ថកិច្ច​ប្រចាំ​ការ​នៅ​ទីនោះ។ ពលរដ្ឋ​រូប​នេះ​បន្ត​ថា បើ​សិន​ជា​អាជ្ញាធរ​នៅ​តែ​បណ្ដោយ​ឲ្យ​ជនជាតិ​វៀតណាម​រស់​នៅ​បឹង​ទន្លេសាប​បន្ត​ទៀត គឺ​មិន​អាច​ទប់​ស្កាត់​បទ​ល្មើស​នេសាទ​បាន​ទេ ព្រោះ​កន្លង​មក​នៅ​ពេល​អាជ្ញាធរ​ថ្នាក់​លើ​ចុះ​ទប់ស្កាត់​ម្ដងៗ អ្នក​នេសាទ​វៀតណាម​មិន​ចេញ​ធ្វើ​នេសាទ​នោះ​ឡើយ ដែល​បញ្ហា​នេះ​ទំនង​ដោយសារ​មាន​អាជ្ញាធរ​​មូលដ្ឋាន​ប្រាប់​ពួកគេ​ឲ្យ​ដឹង​ជា​មុន៖ «»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ អភិបាល​ស្រុក​ឯកភ្នំ លោក ម៉ិល សុផល​ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា កាល​ពី​ថ្ងៃ​ទី​៥ មីនា លោក​បាន​ដឹក​នាំ​សមត្ថកិច្ច​ជំនាញ​ក្រោម​ឱវាទ ចុះ​ទប់​ស្កាត់​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​ឃុំ​កោះ​ជីវាំង​ ហើយ​​ឃាត់​ពលរដ្ឋ​ខ្មែរ​បាន​ចំនួន ៥នាក់ យក​ទៅ​អប់រំ ​រួច​ឲ្យ​​ធ្វើ​កិច្ច​សន្យា​ឈប់​ធ្វើ​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​ហាមឃាត់ ហើយ​ដោះលែង​វិញ។ លោក​បន្ត​ថា ពេល​ចុះ​បង្ក្រាប​នោះ​​មិន​មាន​ជនជាតិ​វៀតណាម​ធ្វើ​នេសាទ​ខុស​ច្បាប់​នោះ​ទេ ដូច្នេះ​អាជ្ញាធរ​មិន​អាច​ចាប់​ពួកគេ​យក​ទៅ​ផ្ដន្ទាទោស​បាន​ដែរ។ លោក​អះអាង​ទៀត​ថា អាជ្ញាធរ​ស្រុក​ក៏​មិន​អាច​ជម្លៀស​ពួកគេ​ឲ្យ​ទៅ​រស់​នៅ​លើ​ដីគោក ឬ​ក៏​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​តាម​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ​បាន​ឡើយ៖ «»

លោក​បន្ត​ថា សព្វ​ថ្ងៃ​មាន​ជនជាតិ​វៀតណាម​រស់​នៅ​ក្នុង​ភូមិ​ក្បាល​តោល​ជាង ២០០គ្រួសារ ហើយ​ពួក​គេ​ភាគ​ច្រើន​ធ្វើ​នេសាទ​ត្រី​នៅ​ពេល​យប់​ ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​លំបាក​ក្នុង​ទប់​ស្កាត់។

អ្នក​ស្រី​ម៉ៅ សារ៉េត​ អះអាង​ថា ទូក​នេសាទ​វៀតណាម​ក្នុង​មួយ​ក្រុមៗ អាច​រក​ចំណូល​ពី​របប​នេសាទ​បាន​ប្រហែល ១៥លាន​រៀល (១៥,០០០,០០០) ក្នុង​មួយ​ថ្ងៃ ព្រោះ​ពួកគេ​មាន​សិទ្ធិ​ធ្វើ​នេសាទ​បាន​ទាំង​យប់​ទាំង​ថ្ងៃ​ ហើយ​កន្លែង​ខ្លះ​មាន​សមត្ថកិច្ច​យាម​ការពារ​ទៀត​ផង។

ទោះជា​យ៉ាង​នេះ​ក្ដី​តំណាង​ប្រជា​នេសាទ​ប្រចាំ​ខេត្ត​បាត់ដំបង​លោក ហ៊ុត ហាន អះអាង​ថា ករណី​នេះ​បើ​ប្រសិន​មិន​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទេ ជនជាតិ​វៀតណាម​ទាំង​នោះ​មិន​អាច​ធ្វើ​នេសាទ​បាន​ឡើយ​ ព្រោះ​កន្លង​មក​ប្រជាពលរដ្ឋ​បាន​ប្ដឹង​ឲ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​ទៅ​លើ​ពួកគេ​ជា​ច្រើន​លើក​ហើយ ប៉ុន្តែ​​មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ​ ហើយ​ជនជាតិ​វៀតណាម​អាច​ធ្វើ​នេសាទ​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ៖ «»

លោ​ក​បន្ត​ថា រឿង​នេះ​ប្រសិនបើ​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ ហើយ​នៅ​តែ​បណ្ដែតបណ្ដោយ​ឱ្យ​ការ​ធ្វើ​នេសាទ​ខុសច្បាប់​ដូច​សព្វថ្ងៃ​ទៀត គឺ​ត្រី​ទាំង​តូច​ធំ នៅ​តំបន់​បឹង​ទន្លេសាប​នឹង​ហិនហោច​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ។ លោក​ព្រួយបារម្ភ​ថា នៅ​ពេល​ដែល​អស់​ត្រី នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រក​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ក្នុង​ខេត្ត​បាត់ដំបង ហើយ​​ពួកគាត់​នឹង​ត្រូវ​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន ព្រោះ​ពលរដ្ឋ​​ទាំង​នោះ​ពឹង​ផ្អែក​ទាំង​ស្រុង ទៅ​លើ​របប​នេសាទ​ត្រី​រក​ប្រាក់​ចំណូល ដើម្បី​ដោះ​ស្រាយ​ជីវភាព​គ្រួសារ។

ប្រជាពលរដ្ឋ និង​តំណាង​ប្រជា​នេសាទ​ខេត្ត​បាត់ដំបង យល់​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​លុះ​ត្រាតែ​អាជ្ញាធរ​ជម្លៀស​ជនជាតិ​វៀតណាម​ទាំង​នោះ​ចេញ​ពី​បឹង​ទន្លេសាប​ឲ្យ​បាន​ឆាប់​ ព្រោះ​បើ​នៅ​តែ​បណ្ដោយ​ឲ្យ​ពួកគេ​រស់​នៅ​ទី​នោះ​បន្ត​ទៀត ធនធាន​ធម្មជាតិ​ នឹង​ហិនហោច​ អស់​ត្រី​ក្នុង​នឹង​ទន្លេសាប​ក្នុង​រយៈ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ ជាក់​ជា​មិន​ខាន​ឡើយ ព្រោះ​សព្វ​ថ្ងៃ​បរិមាណ​ត្រី​នៅ​តំបន់​នោះ បាន​ថយ​ចុះ​ខ្លាំង ដែល​ពលរដ្ឋ​ខ្មែរ​ស្ទើរ​តែ​នេសាទ​ត្រី​ធ្វើ​ប្រហុក​មិន​បាន​ផង៕

ហេង រស្មី
2019-03-11

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy