អ្នក​ឡ​ពាង​ជាង​៥០​គ្រួសារ​ត្រូវ​តុលាការ​​បង្គាប់​ឱ្យ​បង់​ប្រាក់​ប្រដាប់​១​គ្រួសារ​៤០ម៉ឺន​រៀល

45

តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដី​បង្គាប់​ឱ្យ​ពលរដ្ឋ​នៅ​សហគមន៍​ឡ​ពាង​ជាង​៥០​គ្រួសារ ​ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ខេ.ឌី.ស៊ី (KDC) ជាង​១៣​ឆ្នាំ​មកនេះ ​បង់​ប្រាក់​ប្រដាប់​ក្ដី​ក្រៅ​ពន្ធ​ចូល​តុលាការ ៤០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ។ ប៉ុន្តែ​អ្នក​ឡ​ពាង​ ថា ពួក​គាត់​គ្មាន​លទ្ធភាព​បង់​ប្រាក់​ដ៏​ច្រើន​បែប​នេះ ទៅ​តាម​ការ​កំណត់​របស់​តុលាការ​បាន​ទេ។

ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លាង សំណាត់ បង្គាប់​ឱ្យ​អ្នក​ភូមិ​ឡ​ពាង​ ដែល​ជា​​ដើម​ចោទ ក្នុង​បណ្ដឹង​សុំ​សិទ្ធិ​គ្រប់គ្រង​ដី​កាល​ពី​ឆ្នាំ​២០១១​ បង់​ប្រាក់​សម្រាប់​បញ្ជូន​ឯកសារ​ ចំនួន​៤០​ម៉ឺន​រៀល នៅ​តុលាការ​ក្រុង​ភ្នំពេញ ក្នុង​រយៈ​ពេល​១៥​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទទួល​បាន​ដីកា​នេះ ជា​កំណត់ ដើម្បី​តុលាការ​តុលាការ​ចាត់​រឿង​ក្ដី​នេះ​តាម​ច្បាប់។

ក្នុង​ដីកា​នោះ​បញ្ជាក់​ថា ​ដើមចោទ​ដែល​ជា​ពលរដ្ឋ មិន​ទាន់​បង់​ប្រាក់​ប្រដាប់​ក្ដី​តុលាការ​ក្រៅ​ពី​ពន្ធ​សម្រាប់​បញ្ជូន​ឯកសារ នឹង​ធ្វើ​ឱ្យ​តុលាការ​មិន​អាច​ចាត់ការ​តាម​នីតិវិធី​បាន​ក្នុង​បណ្ដឹង​ជាមួយ​ចុង​ចម្លើយ​ គឺ អ្នក​ស្រី ជា ខេង ប្រធាន​ក្រុម​ហ៊ុន​ ខេឌីស៊ី។

ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី របស់​អ្នកស្រី ជា ខេង ជាមួយ​ពលរដ្ឋ​នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​១៣​ឆ្នាំ​មក​ហើយ ចាប់​ពី​ឆ្នាំ​២០០៦។ នៅ​ឆ្នាំ​២០១១​ ពលរដ្ឋ​នៅ​ភូមិ​ឡ​ពាង​៥២​គ្រួសារ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង​ ប្ដឹង​ទាម​ទារ​កាន់​កាប់​ដីធ្លី​របស់​ពួកគាត់​ពី​ក្រុម​ហ៊ុន​​ខេ.ស៊ី.ឌី។ ក្រោយ​មក​ តុលាការ​ខេត្ត​កំពង់ឆ្នាំង សម្រេច​ឱ្យ​ពលរដ្ឋ​មួយ​គ្រួសារ​ឈ្មោះ «ចាត បាត់» ដែល​មាន​ដី​៣០​អា ចាញ់​ក្ដី​ក្រុមហ៊ុន​របស់​អ្នក​ស្រី ជា ខេង ភរិយា​ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល។ ចំណែក​សំណុំ​រឿង​របស់​ពលរដ្ឋ​៥១​គ្រួសារ​ទៀត​ តំណាង​ពលរដ្ឋ​ឱ្យ​ដឹង​ថា​ ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង សម្រេច​បង្វិល​ទៅ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ឱ្យ​កាត់​ក្ដី​ជំនួស​វិញ ដោយ​គ្មាន​ជូន​ដំណឹង​ឱ្យ​ពួកគាត់​បាន​ដឹង​នោះ​ទេ។

តំណាង​សហគមន៍​ឡ​ពាង លោកស្រី អ៊ុំ សុភី ប្រាប់​អាស៊ីសេរី​ថា មាន​ពលរដ្ឋ​៩​នាក់​ទើប​ទទួល​បាន​ដីកា​ឱ្យ​បង់​ប្រាក់​ដើម្បី​​ដំណើរ​ការ​ក្ដី​កាល​ពី​ម្សិល​មិញ ពី​មន្ត្រី​នគរបាល​ខេត្ត​កំពង់​ឆ្នាំង។ លោកស្រី អ៊ុំ សុភី ថា​ពួកគាត់​ដែល​ជា​ពលរដ្ឋ​ក្រីក្រ គ្មាន​លទ្ធភាព​បង់​ប្រាក់​ជូន​តុលាការ​តាម​ការកំណត់​បាន​ទេ ដោយសារតែ​ជីវភាព​សព្វ​ថ្ងៃ​នេះ មាន​ការ​ខ្វះ​ខាត​ជា​ខ្លាំង ៖ «អស់​លោក​ដែល​ជា​អ្នក​ធំ​ជា​អ្នក​មាន អស់​លោក​គិត​ថា​ប្រាក់​៤០​ម៉ឺន​រៀល គឺ​តិច​តួច​សម្រាប់​អស់​លោក តែ​សម្រាប់​ពួក​ខ្ញុំ​ដែល​ជា​ជន​ក្រីក្រ គឺ​៤០​ម៉ឺន​ច្រើន​បំផុត​សម្រាប់​ពួក​ខ្ញុំ។ ព្រោះ​ពួក​ខ្ញុំ​សព្វ​ថ្ងៃ​នេះ រក​ស៊ី​ព្រឹក​ខ្វះ​ល្ងាច រហូត​ដល់​ប្ដី​ត្រូវ​ចំណាក​ស្រុក​ទៅ​រក​ស៊ី​នៅ​ប្រទេស​ថៃ ដើម្បី​ចិញ្ចឹម​ប្រពន្ធ​កូន។ ហើយ​ឥឡូវ​ថែម​បន្ទុក​មួយ​ទៀត​ តុលាការ​ឱ្យ​ពួក​ខ្ញុំ​បង់​ដល់​៤០​ម៉ឺន។ ខ្ញុំ​យល់​ឃើញ​ថា​រឿង​នេះ វា​អយុត្តិធម៌​ណាស់​សម្រាប់​ពួក​ខ្ញុំ​ដែល​ជា​ជន​រង​គ្រោះ។ តុលាការ​មិន​ព្រម​បើក​សវនាការ​ ឱ្យ​ពួក​ខ្ញុំ​ហើយ​ ថែម​ទាំង​បង្ខំ​ឱ្យ​ពួក​ខ្ញុំ​បង់លុយ​ដល់​៤០​ម៉ឺន​រៀល​ទៀត» ។

អ្នក​សម្រប​សម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​ លោក សំ ច័ន្ទគា ដែល​តាម​ជាប់​ករណី​ដីធ្លី​នៅ​ភូមិ​ឡ​ពាង សម្ដែង​ការ​ភ្ញាក់​ផ្អើល​ ការ​ដែល​តុលាការ​ក្រុង​ភ្នំពេញ​តម្រូវ​ឱ្យ​ពលរដ្ឋ​បង់​ប្រាក់​ប្រដាក់​ក្ដី​ដល់​ទៅ​៤០​ម៉ឺន​រៀល ព្រោះ​ថា​កន្លង​មក​ តុលាការ​ខេត្ត​កំពង់​ឆ្នាំង​កំណត់​ឱ្យ​ពលរដ្ឋ​បង់​អស់​ត្រឹម ១០​ម៉ឺន​រៀល។ លោក សំ ច័ន្ទគា យល់​ថា តុលាការ​គួរ​មាន​ការ​អនុគ្រោះ​ដល់​​ដើម​បណ្ដឹង ដែល​ជា​ពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយ​សារ​បញ្ហា​ដីធ្លី ៖ «បើ​ដើម​បណ្ដឹង​បង់​លុយ​ហួស​ហេតុ​អ៊ីចឹង គឺ​ធ្វើ​ឱ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ហ្នឹង​គាត់​គ្មាន​លទ្ធភាព​ក្នុង​ការ​តតាំង​ ហើយ​ជា​លេស​ក្នុង​ការ​ដែល​តុលាការ​រុញ​ច្រាន​បណ្ដឹង​ហ្នឹង​ទៅ​។ អ៊ីចឹង​! គ្នា​អត់​មាន​លទ្ធភាព​ក្នុង​ការ​រក​យុត្តិធម៌​ទេ។ ហើយ​អ្វី​ដែល​ជា​ចំណុច​នេះ ត្រង់​ថា​អ្នក​តាក់តែង​ច្បាប់​អត់​មាន​មើល​ឃើញ​ពី​ភាព​ខ្វះ​ខាត​ខ្វះ​ចន្លោះ​នៃ​អ្នក​ក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ទេ» ។

លោក សំ ច័ន្ទគា ថា​ការ​បង្វិល​សំណុំ​រឿង​ពី​ខេត្ត​កំពង់​ឆ្នាំង​ទៅ​រាជធានី​ភ្នំពេញ​នោះ ទំនង​ជា​ធ្វើ​ឡើង​តាម​ការ​ចង់​បាន​របស់​ក្រុម​ហ៊ុន​ខេ.ឌី.ស៊ី ព្រោះ​ថា ចៅក្រម​ខត្ត​កំពង់​ឆ្នាំង​ ពិបាក​ក្នុង​ការ​កាត់​សេចក្ដី​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​។ ​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ស្នើ​សុំ​ក្រសួង​យុត្តិធម៌​គួរ​ចេញ​អនុក្រឹត្យ​ ឬ​សារាចរ​ណា​មួយ ដោយ​ដាក់​ចេញ​ជា​វិធានការណ៍​ជាក់​លាក់​មួយ​ដល់​ស្ថាប័ន​តុលាការ​ ដើម្បី​អនុគ្រោះ​ចំពោះ​ពលរដ្ឋ​ក្រី​ក្រ​ អាច​ត​តាំង​ក្ដី​ដោយ​ស្នើ​ភាព ក្នុង​សំណុំ​រឿង​រដ្ឋប្បវេណី​នៅ​តុលាការ៕

ដោយ ថន ថារ៉ូ RFA 2019-03-24

Inscrivez vous

Abonnez-vous à notre newsletter pour recevoir les mises à jour par e-mail.

Pas encore de commentaire.

Laisser un commentaire

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy