ហេតុ​អ្វី​ត្រូវ​ថែ​រក្សា​វប្បធម៌​ជាតិ?

ដោយ កេសរណ្ណីយ្យា RFA

ក្រុម​អ្នក​ជំនាញ អ្នក​អភិរក្ស​វប្បធម៌ និង​ចាស់​ទុំ​ខ្មែរ តែង​អំពាវនាវ​ជា​បន្តបន្ទាប់​ដល់​រាជ​រដ្ឋាភិបាល ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រម​ទាំង​ពលរដ្ឋ​ខ្មែរ​ទូទៅ សុំ​ឱ្យ​រួម​គ្នា​ជួយ​ថែ​រក្សា​សម្បត្តិ​វប្បធម៌​ជាតិ។

 

ទន្ទឹម​គ្នា​នេះ ក៏​មាន​ពាក្យ​ស្លោក អត្ថបទ និង​ឯកសារ​ផ្សេងៗ ដែល​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ បាន​សរសេរ​លើក​អំពី​គុណ​ប្រយោជន៍​នៃ​វប្បធម៌​ខ្មែរ ដូច​ជា «វប្បធម៌​រលត់ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន» និង «វប្បធម៌ គឺ​ជា​ព្រលឹង​ជាតិ» ជាដើម។

តើ​ជាតិ​ខ្មែរ​នឹង​បាត់​បង់​មែន​ឬ ប្រសិន​បើ​វប្បធម៌​ជាតិ​រលត់?

កត្តា​ដ៏​សំខាន់ គឺ​វប្បធម៌​ជា​តឹកតាង​បញ្ជាក់​អំពី​ឫសគល់​នៃ​ជាតិ​សាសន៍​មួយ។ យើង​នឹង​ពិនិត្យ​មើល​ជ្រុង​នេះ។

ជាទូទៅ នៅ​ពេល​គេ​និយាយ​ពី​វប្បធម៌ គឺ​គេ​តែង​សំដៅ​ទៅ​លើ​ភាសា អក្សរសាស្ត្រ ជំនឿ សាសនា សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ សម្លៀកបំពាក់ និង​ម្ហូប​អាហារ ជាដើម ដែល​ជា​កេរ្តិ៍​ដំណែល​បន្សល់​ទុក​ដោយ​បុព្វបុរស​ដូនតា​តៗ​គ្នា​ពី​មួយ​ ជំនាន់​ទៅ​មួយ​ជំនាន់។

ជួន​កាល ការ​វិវឌ្ឍ​នានា​ក្នុង​សង្គម​បាន​ញ៉ាំង​ឱ្យ​មាន​ការ​ទទួល​ឥទ្ធិពល​ពី​គ្នា​ ទៅ​វិញ​ទៅ​មក ប៉ុន្តែ​វប្បធម៌​របស់​ជាតិ​សាសន៍​នីមួយៗ​តែង​មាន​សារធាតុ​ដើម​ផ្ទាល់ ដែល​ស្ដែង​ចេញ​ពី​ចរិត​លក្ខណៈ និង​ឈាម​ជ័រ​ពូជ​ពង្ស​វង្ស​ត្រកូល​របស់​ខ្លួន។ ឧទាហរណ៍​ដូច​ជា ជនជាតិ​ខ្មែរ​មាន​សម្ល​កកូរ ដែល​ជា​មុខ​ម្ហូប​ពិសេស​ប្រចាំ​ត្រកូល ប្រកប​ដោយ​គ្រឿង​ផ្សំ គ្រឿង​ទេស បន្លែ​បង្ការ និង​មាន​ឱជារស​ជាតិ​ឯក​នៅ​លើ​លោក។

រីឯ​ស្នាដៃ​សិល្បៈ​ចម្លាក់​វិចិត្រ​របស់​ខ្មែរ​វិញ មាន​ជា​អាទិ៍​ដូច​ជា ប្រាសាទ​ព្រះវិហារ ប្រាសាទ​អង្គរវត្ត របាំ​អប្សរា និង​ល្ខោន​ស្រមោល ឬ​ល្ខោន​ខោល «ស្បែក​ធំ» ដែល​អង្គការ​យូណេស្កូ (UNESCO) បាន​ទទួល​ស្គាល់​ថា មាន​លក្ខណៈ​ពិសេស​ល្អ​ប្រណិត​គ្មាន​ពីរ រហូត​សម្រេច​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

មិន​មែន​មាន​តែ​ប្រទេស​កម្ពុជា ទេ ប្រទេស​នានា​ជាច្រើន​នៅ​លើ​ពិភពលោក ក៏​បាន​ខិតខំ​ប្រឹងប្រែង​ដាក់​សម្បត្តិ​វប្បធម៌​ដ៏​ចំណាស់​ពី​បុព្វបុរស​ របស់​ខ្លួន ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែរ។ នៅ​ចុង​ឆ្នាំ​២០១៣ ប្រទេស​ជប៉ុន ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ស្នើសុំ​អង្គការ​យូណេស្កូ ដើម្បី​ដាក់​បញ្ចូល​មុខ​ម្ហូប​ពិសេស «វ៉ាស៊ូគុ» (Washoku) របស់​ជនជាតិ​ខ្លួន​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផ្នែក​ វប្បធម៌​អរូបិយ។

ប្រការ​ដែល​ប្រទេស​កម្ពុជា ជប៉ុន និង​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក បាន​ព្យាយាម​ជ្រើស​រើស​ដោយ​សំរឹទ្ធិសម្រាំង​ស្នាដៃ​សិល្បៈ​វប្បធម៌​របស់​ ជាតិ​ខ្លួន ទៅ​ចូល​រួម​ប្រកួត​ប្រជែង​គ្នា​ឱ្យ​បាន​ក្លាយ​ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ ពិភពលោក​នេះ គឺ​ក្នុង​គោល​បំណង​ដ៏​ចម្បង ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ​កុំ​ឲ្យ​បាត់​បង់ និង​ដើម្បី​ឲ្យ​ពិភពលោក​បាន​ស្គាល់​វប្បធម៌​ជាតិ​របស់​ខ្លួន ដើម្បី​ទាក់ទាញ​ទេសចរ​បរទេស ដែល​នឹង​នាំ​មក​នូវ​ចំណូល​ទាំង​ថវិកា​ជាតិ និង​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​របស់​ខ្លួន​ផង។

ត្រង់​ប្រការ​នេះ ឧទាហរណ៍​ដូច​ជា ក្នុង​ឆ្នាំ​២០១៣ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ជិត ២​លាន​នាក់ បាន​ចំណាយ​ប្រាក់​កាស និង​ពេល​វេលា​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ទស្សនា​ប្រាសាទ​អង្គរវត្ត។ កាសែត ឌឹ ញីវយ៉ក ថែមស៏ (The New York Times) ក្នុង​ឆ្នាំ​២០០៦ បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​បង្ហាញ​ថា នា​សម័យ​នោះ ភ្ញៀវ​បរទេស​ខ្លះ​ហ៊ាន​ចំណាយ​ដល់​ទៅ​ជាង ១​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ោង ដើម្បី​ជួល​ឧទ្ធម្ភាគចក្រ​ជិះ​ឆ្វែល​ទស្សនា​ប្រាសាទ​អង្គរវត្ត​ពី​លើ​អាកាស។

រីឯ​តម្លៃ​បន្ទប់​ស្នាក់នៅ​ក្នុង​មួយ​យប់ គឺ​ចាប់​ពី ២០០​ដុល្លារ ដល់​ទៅ​ជិត ២​ពាន់​ដុល្លារ ចំពោះ​សណ្ឋាគារ​ទំនើបៗ​លំដាប់​ផ្កាយ​៥។ រហូត​មក​ដល់​សព្វថ្ងៃ​នេះ នៅ​ខេត្ត​សៀមរាប មាន​សណ្ឋាគារ​តូច​ធំ​មិន​តិច​ជាង ៥០០​កន្លែង​ទេ ដែល​កំពុង​ប្រណាំង​ប្រជែង​គ្នា​បញ្ចុះ​តម្លៃ​ស្នាក់នៅ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក និង​បរទេស។

ក្រៅ​ពី​នេះ ប្រជាជាតិ​នានា​នៅ​លើ​សកលលោក តែង​ព្យាយាម​រក្សា​ការពារ​សម្បត្តិ​វប្បធម៌​ជាតិ​របស់​ខ្លួន​តាម​មធ្យោបាយ​ ផ្សេងៗ​ទៀត ដូច​ជា​ការ​រៀប​ចំ​ឲ្យ​មាន​ជា​ទិវា​មហោស្រព​ជាតិ និង​អន្តរជាតិ ដើម្បី​បង្ហាញ​អំពី​វប្បធម៌ សិល្បៈ សម្លៀកបំពាក់​ប្រពៃណី ស្នាដៃ​ចម្លាក់ និង​ពិព័រណ៍​ម្ហូប​អាហារ​ជាដើម។

ដូច្នេះ យើង​ឃើញ​ថា រាប់​តាំង​ពី​ប្រាសាទ​បុរាណ​ដ៏​មាន​ក្បូរក្បាច់​រចនា​ដ៏​ល្អ​វិចិត្រ រហូត​ដល់​គំនិត​ច្នៃ​ប្រឌិត​ក្នុង​ការ​ដាំ​ស្ល​ជា​មុខ​ម្ហូប​ផ្សេងៗ គឺ​សុទ្ធតែ​ជា​ស្នាដៃ​វប្បធម៌​ដែល​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​លើ​លោក​ នេះ ព្រោះ​ថា​នៅ​លើ​ឆាក​អន្តរជាតិ អ្វី​ដែល​គេ​ទទួល​ស្គាល់​ថា​ជា​អត្តសញ្ញាណ​នៃ​ជាតិ​សាសន៍​មួយ គឺ​វប្បធម៌​ដែល​កេរ​ដំណែល​ពី​ដូនតា​នេះ​ឯង។

រីឯ​ភាសា​អក្សរសាស្ត្រ​ជាតិ​វិញ គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ទៀត​ក្នុង​ការ​សម្គាល់​ជាតិ​សាសន៍​នីមួយៗ មនុស្ស​នៃ​ក្រុម​មួយ សង្គម​មួយ ឬ​សហគមន៍​មួយ។

ដូច​ជា​ជនជាតិ​វៀតណាម ដែល​ដើម​ឡើយ គឺ​ជា​ក្រុម​កុលសម្ព័ន្ធ​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ចិន ហើយ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចុះ​មក​រស់​នៅ​តាម​ដង​ទន្លេ​ក្រហម នៃ​ដែនដី​សណ្ដ​តុងកឹង បន្ទាប់​មក​ក៏​បាន​វាយ​លុក​វាតទី​យក​ទឹក​ដី​ប្រទេស​ចម្ប៉ា ទាំង​មូល ព្រម​ទាំង​ដែនដី​កម្ពុជា​ក្រោម របស់​អាណាចក្រ​ខ្មែរ កាន់​កាប់​ដល់​សព្វថ្ងៃ​នេះ។

ក្រុម​កុលសម្ព័ន្ធ​ជនជាតិ​ដើម​វៀតណាម នេះ​ពុំ​មាន​អក្សរសាស្ត្រ​ជាតិ​ទេ គឺ​គេ​និយាយ​ភាសា​ចិន។ លុះ​ដល់​សតវត្ស​ទី​១៩ ក្រោម​អាណានិគម​និយម​បារាំង ទើប​ជនជាតិ​វៀតណាម ចាប់​ផ្ដើម​បង្កើត​អក្សរសាស្ត្រ​របស់​ខ្លួន ដោយ​យក​តួ​អក្សរ​ឡាតាំង​មាន​ព្យញ្ជនៈ និង​ស្រៈ​ជា​គោល និង​បង្កើត​វណ្ណយុត្តិ​ដាក់​សង្កត់​សំនៀង​ពី​លើ​តួ​អក្ខរា ហើយ​បាន​ប្រកាស​ប្រើ​ជា​អក្សរសាស្ត្រ​ផ្លូវ​ការ​របស់​ជនជាតិ​វៀតណាម នៅ​សតវត្ស​ទី​២០ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

គោល​គំនិត​ក្នុង​ការ​បង្កើត​ភាសា និង​អក្សរសាស្ត្រ​ជាតិ​នេះ គឺ​ដើម្បី​សម្គាល់​ថា វៀតណាម គឺ​ជា​ជាតិ​សាសន៍​មួយ ជា​ប្រជាជាតិ​មួយ ជា​ប្រទេស​មួយ ដែល​មាន​វប្បធម៌​ផ្ទាល់​របស់​ខ្លួន។

ប៉ុន្តែ​ខុស​គ្នា​ស្រឡះ​ដូច​មេឃ​នឹង​ដី​ពី​ជនជាតិ​វៀតណាម ដែល​គេ​បាន​ខិតខំ​បង្កើត​អក្សរសាស្ត្រ​របស់​គេ របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរ​ក្រហម បែរ​ជា​លុប​បំបាត់​ការ​សិក្សា​អក្សរសាស្ត្រ​ជាតិ​ខ្មែរ ដែល​មាន​ស្រាប់​តាំង​ពី​យូរ​អង្វែង​ណាស់​មក​ហើយ​នោះ​ទៅ​វិញ។

ក្រៅ​ពី​បិទ​ទ្វារ​សាលារៀន​គ្រប់​កម្រិត​ហើយ​នោះ របប​ខ្មែរ​ក្រហម​ក៏​បាន​វាយ​កម្ទេច​វត្ត​អារាម និង​បង្ខំ​ឲ្យ​ព្រះសង្ឃ​សឹក​ចាក​សិក្ខាបទ ហើយ​លុប​បំបាត់​ទាំង​ស្រុង​នូវ​រាល់​ពិធី​បុណ្យ​ទាន​សាសនា ពិធី​មង្គលការ និង​ប្រពៃណី​ទំនៀមទម្លាប់​ពី​បរមបូរាណ​មក​រាប់​តាំង​ពី​សិល្បៈ សម្លៀកបំពាក់ ម្ហូប​អាហារ និង​ជីវភាព​រស់​នៅ​របស់​សង្គម​គ្រួសារ​ខ្មែរ។

ការ​អនុវត្ត​របស់​របប​ខ្មែរ​ក្រហម​ក្នុង​រយៈពេល ៣​ឆ្នាំ ៨​ខែ​នោះ គឺ​ចម្លង​ចេញ​ពី​ការ​ធ្វើ​បដិវត្ត «វប្បធម៌» របស់​ចិន។ ខ្សែ​ភាពយន្ត​ខ្មែរ​មួយ​បាន​រៀប​រាប់​អំពី​ប្រវត្តិ​នៃ​ការ​រស់​នៅ​ក្នុង​ សម័យ​ខ្មែរ​ក្រហម ប៉ុល ពត នោះ​ថា​ជា «នរក ៩​ជាន់» ដែល​ក្នុង​ន័យ​នេះ គឺ​មនុស្ស​ខ្មែរ​បាន​ស្លាប់​បាត់​ទៅ​ហើយ ព្រោះ​ថា​ទោះ​បី​ជា​មាន​ជីវិត​រស់​នៅ​ក្នុង​ស្ថានភាព​ជា​មនុស្ស​ក្តី ប៉ុន្តែ​រស់​ក្នុង​សភាព​ជា​សត្វ​នរក ដែល​មាន​តែ​ការ​កាប់​សម្លាប់ ទារុណកម្ម ភាព​អត់​ឃ្លាន និង​ភាព​ភ័យ​ខ្លាច​គ្រប់​ពេល​វេលា។

ជា​លទ្ធផល ជាតិ​ខ្មែរ​ដែល​ពិភពលោក​ធ្លាប់​ទទួល​ស្គាល់ និង​លើក​តម្កើង​ថា ជា​ជាតិ​សាសន៍​មួយ​មាន​វប្បធម៌ អរិយធម៌​ថ្កុំថ្កើង​រុងរឿង បាន​ធ្លាក់​ចុះ​ឱន​ថយ​ទៅ​ជា​សង្គម​មួយ​នា​យុគសម័យ​សូន្យ៕

 

My Superb Weblog |
Ydalir28 |
Artisanat des Minorites Chi... |
Unblog.fr | Créer un blog | Annuaire | Signaler un abus | Danger51tv
| hidemyass review
| Paulsuxy